បាល់ទាត់អន្តរជាតិ
កូនស្រីរបស់ Pele បង្ហើបថា មុនទទួលមរណៈភាព ឪពុករបស់នាងមានបំណងចង់ឲ្យ Messi ឈ្នះពាន World Cup

មុនទទួលមរណភាព កីឡាករបាល់ទាត់ដ៏ល្បីល្បាញរបស់ប្រេស៊ីល Pele ធ្លាប់មានបំណងចង់ឲ្យអាហ្សង់ទីនឈ្នះពានរង្វាន់ FIFA World Cup ឆ្នាំ 2022 ដែលពិសេសេ គឺសម្រាប់ Lionel Messi។ រឿងនេះត្រូវបានបង្ហាញដោយកូនស្រីរបស់គាត់ Kely Nascimento។ ដោយឡែក Pele បានទទួលមរណភាពនៅថ្ងៃទី 29 ខែ ធ្នូ ឆ្នាំ 2022 ត្រឹមតែជាងមួយសប្តាហ៍បន្ទាប់ពីក្រុមពពកសអាហ្សង់ទីនបានលើកពាន World Cup។
យ៉ាងណាមិញថ្មីៗនេះកូនស្រីរបស់ Pele ត្រូវបានទទួលការអញ្ជើញឲ្យចូលរួមពិធីប្រគល់ពានរង្វាន់ FIFA The Best 2022 ដែលជាការប្រកាសឈ្មោះកីឡាករឆ្នើមប្រចាំឆ្នាំ។ នាងបានជួបប្រពន្ធរបស់ Messi គឺអ្នកនាង Antonela Roccuzzo នៅឯពិធីជប់លៀងនោះ ហើយបានប្រាប់ពីមូលហេតុដែល Pele ឪពុករបស់ខ្លួនចង់ឲ្យ អាហ្សង់ទីនដែលជាសត្រូវដ៏ធំរបស់ប្រេស៊ីលនៅក្នុងពិភពបាល់ទាត់ឈ្នះពាន World Cup។
Kely Nascimento ដែលជាកូនស្រីរបស់ Pele បានលើកឡើងថា៖ “បន្ទាប់ពីប្រេស៊ីលបានធ្លាក់ចេញពីការប្រកួត អ្នករាល់គ្នាដែលចូលមកក្នុងបន្ទប់មន្ទីរពេទ្យរបស់គាត់ (Pele) សួរគាត់ថា ឥឡូវតើអ្នកចង់ឲ្យនរណាឈ្នះពាននេះ? ច្បាស់ជាមិនមែនអាហ្សង់ទីនទេ?”។ ពេលនោះឪពុករបស់នាងបានតបថា៖ “បាទ!!! អាហ្សង់ទីន… ពានត្រូវត្រឡប់ទៅអាមេរិកខាងត្បូងវិញ ហើយ Messi ត្រូវតែឈ្នះ។… Messi នឹងឈ្នះ”។
ប្រភព: Sportskeeda