បាល់ទាត់អន្តរជាតិ
ប្រកួតប៉ះ Nantes យប់នេះ PSG ដាក់កីឡាករលេងពេញសាច់ ខណៈដែល 4 ថ្ងៃបន្ទាប់ត្រូវជួប Bayern Munich

នៅម៉ោង 3 រំលងអាធ្រាតនេះ ក្លឹបយក្សបារាំង Paris Saint-Germain នឹងត្រូវធ្វើការប្រកួតដោយទទួលស្វាគមន៍ក្រុមភ្ញៀវ Nantes ដែលជាការប្រកួតសន្សំពិន្ទុនៅ Ligue 1។ ដោយឡែក PSG បានបញ្ចេញនូវបញ្ជីឈ្មោះកីឡាកររបស់ខ្លួនហើយ ដោយកីឡាករសំខាន់ៗក៏មានវត្តមានផងដែរ លើកលែងតែ Neymar ប៉ុណ្ណោះដែលកំពុងមានរបួស។
យ៉ាងណាមិញក្រុមរបស់លោក Christophe Galtier ប្រហែលជានឹងប្រើប្រាស់ទម្រង់លេង 3-5-2 ដែលខ្សែប្រយុទ្ធ 2 រូបខាងលើមាន Kylian Mbappe ចាប់ដៃគូគ្នាជាមួយតារាឆ្នើមអាហ្សង់ទីន Lionel Messi។ ថ្វីត្បិតតែបច្ចុប្បន្នពួកគេកំពុងឈរនៅកំពូលតារាងពិតមែន ប៉ុន្តែ PSG នឹងត្រូវការ 3 ពិន្ទុថែមទៀតជាចាំបាច់ ដើម្បីរក្សាគម្រាតពីក្រុមលេខ 2 Marseille ឲ្យបាន 11 ពិន្ទុ។
នៅប្រកួតបន្ទាប់ថ្ងៃទី 09 ខែមីនា ខាងមុខនេះ Paris Saint-Germain នឹងត្រូវតតាំងជាមួយក្រុមខ្លាំង Bayern Munich ដែលជាការប្រកួតជើង 2 វគ្គ 16 ក្រុមចុងក្រោយនៃក្របខណ្ឌ UEFA Champions League។ ក្លឹបម្ចាស់ជើងឯករបស់បារាំងនឹងត្រូវធ្វើការធ្ងន់ ដោយសារពួកគេបានចាញ់ 1-0 កាលពីការប្រកួតជើងទី 1។ លើសពីនេះទៅទៀត ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិប្រេស៊ីល Neymar Jr នឹងត្រូវខកខានការប្រកួតនោះផងដែរ។
ប្រភព: PSG – Paris Saint-Germain