បាល់ទាត់អន្តរជាតិ
Manchester City នឹងលក់ Laporte ដើម្បីយកលុយទៅទិញ Josko Gvardiol

ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនជាស្រេច ក្នុងការលក់កីឡាកររបស់ខ្លួន Aymeric Laporte ដើម្បីប្រមូលយកថវិកាសម្រាប់ការចុះហត្ថលេខាផ្ទេរខ្សែការពារចំណូលថ្មី Josko Gvardiol របស់ RB Leipzig នៅចុងបញ្ចប់នៃរដូវកាលនេះ។
កីឡាករវ័យ 28 ឆ្នាំ Aymeric Laporte បានក្លាយជាកីឡាករដ៏សំខាន់ក្រោមការដឹកនាំរបស់លោក Pep Guardiola ចាប់តាំងពីបានមកទឹកដីអង់គ្លេស ដោយផ្ទេរពីក្លឹប Athletic Bilbao ក្នុងខែមករា ឆ្នាំ 2018។ ខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះបានបង្ហាញខ្លួនសរុបចំនួន 170 ប្រកួតសម្រាប់ Manchester City ដោយស៊ុតបញ្ចូលទីបាន 12 គ្រាប់ និងឈ្នះពានរង្វាន់សរុបចំនួន 8 រួមទាំងពាន Premier League ចំនួន 4 ដងផងដែរ។
ទោះជាយ៉ាងណាក៏ដោយ Laporte បានស៊ូទ្រាំនឹងការប្រជែងតំណែងលេងយ៉ាងលំបាកនៃយុទ្ធនាការរដូវកាលនេះ (2022-2023) ហើយគាត់បានចំណាយពេលភាគច្រើន នៅក្រៅទីលានដោយសារតែរបួសកាលពីដើមរដូវកាល។ Aymeric Laporte បានបង្ហាញខ្លួនត្រឹមតែ 7 ប្រកួតប៉ុណ្ណោះនៅ Premier League រដូវកាលនេះ។
បច្ចុប្បន្ន គាត់ត្រូវប្រកួតប្រជែងជម្រើសនៃខ្សែការពារកណ្តាល 4 នាក់ផ្សេងទៀតរបស់ក្លឹបដែលមានដូចជា Ruben Dias, John Stones, Nathan Ake និង Manuel Akanji។ Laporte ស្ថិតក្រោមកុងត្រានៅ Etihad រហូតដល់ខែមិថុនា ឆ្នាំ 2025 ប៉ុន្តែយោងទៅតាម Sport បានឲ្យដឹងថា ខ្សែការពារកណ្តាលរូបនេះ ចង់ចាកចេញពី Manchester City នៅរដូវក្តៅខាងមុខ ដើម្បីស្វែងរកក្លឹបថ្មី ដែលមានឱកាសលេងបានច្រើនជាងមុន។ ដូចគ្នានេះដែរ Manchester City ក៏កំពុងចង់ចែកផ្លូវគ្នាជាមួយ Laporte ផងដែរ ខណៈដែលបច្ចុប្បន្ន Barcelona និង Real Madrid កំពុងមានចំណាប់អារម្មណ៍លើកីឡាកររូបនេះ។
ប្រភព: Sportsmole