បាល់ទាត់អន្តរជាតិ
PSG ប្រកាសឈ្មោះកីឡាករទាំង 22 រូប សម្រាប់ត្រៀមប៉ះ Bayern Munich នៅថ្ងៃទី 9 នេះ

90 នាទីនៃការប្រកួត នឹងក្លាយជាការសម្រេចលទ្ធផលឡើងទៅបន្ត រឺធ្លាក់ត្រឹមវគ្គនេះរបស់ក្រុមលោក Christophe Galtier ដោយក្លឹបយក្សបារាំង Paris Saint-Germain នឹងត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Bayern Munich ដែលធ្វើឡើងនៅកីឡដ្ឋាន Allianz Arena ជាការប្រកួតជើងទី 2 នៃវគ្គ 16 ក្រុមចុងក្រោយ នៃពានរង្វាន់ UEFA Champions League។
ការប្រកួតនឹងធ្វើឡើងនៅរំលងអាធ្រាតថ្ងៃពុធ ឈានចូលថ្ងៃព្រហស្បតិ៍ ម៉ោង 3:00 (ម៉ោងនៅកម្ពុជា)។ យ៉ាងណាមិញ 3 សប្តាហ៍មុន កាលពីប្រកួតជើងទី 1 ក្នុងទឹកដីបារាំង PSG ចាញ់ Bayern Munich ក្នុងលទ្ធផល 1-0 ដែលស៊ុតបញ្ចូលទីដោយ Kingsley Coman។
កាលពីម្សិលមិញនេះ ក្លឹបយក្សបារាំង Paris Saint-Germain បានប្រកាសឈ្មោះបេក្ខភាពកីឡាករទាំង 22 នាក់របស់ខ្លួនហើយ ដែលជាកីឡាករត្រូវធ្វើដំណើរទៅកាន់ទឹកដីអាឡឺម៉ង់។ យើងសង្កេតឃើញថា កីឡាករទាំងអស់របស់ PSG ហាក់ដូចជាពេញសាច់ល្អណាស់ លើកលែងតែ Neymar ម្នាក់ប៉ុណ្ណោះដែលកំពុងមានរបួស។
ប្រភព: Sportsmole