បាល់ទាត់អន្តរជាតិ
Toby Alderweireld ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបែលហ្ស៊ិក

កាលពីពេលថ្មីៗនេះ កីឡាករឆ្នើម Toby Alderweireld បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបែលហ្ស៊ិកហើយ បន្ទាប់ពីចំណាយពេលអស់ 13 ឆ្នាំក្នុងការលេងឲ្យជម្រើសជាតិ។ កីឡាករវ័យ 34 ឆ្នាំរូបនេះបានបង្ហាញខ្លួនសរុប 127 ប្រកួតសម្រាប់ក្រុមជម្រើសជាតិរបស់គាត់ នៅចន្លោះឆ្នាំ 2009 ដល់ 2022។
អតីតកីឡាកររបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur រូបនេះ បានក្លាយជាកីឡាករដែលបង្ហាញខ្លួនច្រើនជាងគេបំផុតលំដាប់ទី 3 របស់បែលហ្សិក បន្ទាប់ពី Jan Vertonghen និង Axel Witsel។ Alderweireld បានក្លាយជាផ្នែកមួយដ៏សំខាន់នៃក្រុមជម្រើសជាតិរបស់ខ្លួន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក៏បានបង្ហាញខ្លួននៅក្នុងការប្រកួតចំនួន 5 ជាប់ៗគ្នា នៅ World Cup ចំនួន 3 ដង និង Euro 2 ដង។
ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន Toby Alderweireld កំពុងប្រកបអាជីពបាល់ទាត់ជាមួយក្លឹប Royal Antwerp F.C ដែលស្ថិតនៅក្នុងលីគកំពូលនៃប្រទេសបែលហ្ស៊ិក។ ទន្ទឹមនឹងនេះដែរ ក្រុមជម្រើសជាតិបែលហ្ស៊ិកនឹងចាប់ផ្តើមជីវិតដោយគ្មាន Alderweireld នៅចុងខែនេះ ពេលដែលពួកគេត្រូវជួបជាមួយស៊ុយអែត ក្នុងការប្រកួតបើកឆាកនៃយុទ្ធនាការជម្រុះពាន Euro 2024 របស់ពួកគេនៅក្នុងពូល F។
ប្រភព: Sportsmole