បាល់ទាត់អន្តរជាតិ
PSG ត្រៀមចរចាផ្ទេរខ្សែការពារ Pau Torres នៅចុងបញ្ចប់នៃរដូវកាលនេះ

ក្លឹបយក្សបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពាររបស់ក្លឹប Villarreal គឺកីឡាករ Pau Torres ដែលការផ្ទេរអាចនឹងកើតឡើងនៅក្នុងអំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅចុងរដូវកាលនេះ។
បន្ទាប់ពីត្រូវបានធ្លាក់ចេញពីការប្រកួតក្របខ័ណ្ឌ UEFA Champions League ក្រោមស្នាដៃរបស់ Bayern Munich កាលពីសប្តាហ៍មុន PSG កំពុងរៀបចំផែនការសម្រាប់រដូវកាលក្រោយជាមួយនឹងភាពមមាញឹកជាខ្លាំង ដែលមានកីឡាករមួយចំនួនធំត្រូវនាំចូល និងកីឡាករមួយចំនួនទៀតត្រូវចាកចេញ។
បច្ចុប្បន្នមានភាពមិនច្បាស់លាស់ឡើយជុំវិញតំណែងជាគ្រូបង្វឹករបស់លោក Christophe Galtier បន្ទាប់ក្រុមហាក់ដូចជាមិនមានភាពជោគជ័យជាមួយនឹងពានរង្វាន់ដ៏ធំប្រចាំទ្វីបអឺរ៉ុបនោះ ខណៈដែលមានការសង្ស័យផងដែរអំពីការចាកចេញរបស់ Neymar, Lionel Messi និង Kylian Mbappe។
ដោយឡែក Sergio Ramos បានផ្ទេរមកចូលរួមជាមួយក្លឹបយក្សបារាំងដោយផ្ទេរពី Real Madrid ក្នុងឆ្នាំ 2021 ហើយកុងត្រារបស់គាត់បច្ចុប្បន្ននឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករមួយចំនួនទៀតដែលមានប្រាក់ពលកម្មច្រើនជាងគេរបស់ក្លឹប ហើយ PSG អាចនឹងសម្រេចចិត្តឲ្យគាត់ចាកចេញដោយគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ ដើម្បីកុំឲ្យមានបញ្ហាជាមួយច្បាប់ផ្នែកហិរញ្ញវត្ថុ។
PSG នឹងនាំយកខ្សែការពារចំណូលថ្មីមួយរូបគឺ Milan Skriniar ដែលនឹងចាកចេញពី Inter Milan នៅចុងបញ្ចប់នៃរដូវកាលនេះ ពេលកុងត្រារបស់គាត់ផុតកំណត់។ ក្លឹបយក្សបារាំងក៏កំពុងពិចារណាលើជម្រើសការពារមួយបន្ថែមទៀត ហើយបើយោងតាមរបាយការណ៍ពី AS បានអះអាងថា ពួកគេកំពុងកំណត់គោលដៅផ្ទេរសម្រាប់ Pau Torres។
ប្រភព: Sportsmole