បាល់ទាត់អន្តរជាតិ
តើ Barcelona នឹងប្រើប្រាស់កីឡាករណាខ្លះ សម្រាប់ការប្រកួត El Clasico នៅថ្ងៃស្អែកនេះ?
ក្លឹបអ្នកមានបុណ្យ Barcelona បានរំពឹងថា ពួកគេអាចនឹងទទួលស្វាគមន៍ខ្សែបម្រើសំខាន់ Pedri ត្រឡប់ចូលរួមក្រុមឡើងវិញ សម្រាប់ការប្រកួត La Liga នៅថ្ងៃអាទិត្យស្អែកនេះ ដែលត្រូវតតាំងជាមួយក្រុមខ្លាំង Real Madrid។ ទោះបីជាយ៉ាងណាក៏ដោយ Pedri មិនទាន់បានជាសះស្បើយពីរបួស 100 ភាគរយ សម្រាប់ការប្រកួតនេះឡើយ ដោយលោក Xavi Hernandez ត្រូវប្រើប្រាស់ខ្សែបម្រើកណ្តាលជាជម្រើសផ្សេងអាចជា Frenkie de Jong ជាមួយនឹង Sergio Busquets។
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានខកខានការប្រកួតចំនួន 6 លើកចុងក្រោយរបស់ក្រុម ជាមួយនឹងបញ្ហារបួសសរសៃពួរដែលបានកើតឡើងក្នុងការប្រកួតជាមួយនឹង Manchester United ក្នុងក្របខ័ណ្ឌ Europa League កាលពីថ្ងៃទី 24 ខែមុន។
ខ្សែបម្រើវ័យក្មេង Gavi ត្រូវបានគេរំពឹងថា នឹងលេងនៅតំបន់ប្រយុទ្ធស្លាបឆ្វេង ដែលចាប់ដៃគូគ្នាជាមួយ Robert Lewandowski និង Raphinha ខណៈដែល Ousmane Dembele នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយថា អាចចូលលេងវិញបាន រឺមិនទាន់ជាសះស្បើយពីរបួស សម្រាប់ការប្រកួតនេះ។
យ៉ាងណាមិញ នៅតំបន់ខ្សែការពាររបស់ Barcelona ពួកគេនឹងប្រើប្រាស់ Ronald Araujo នៅការពារស្ដាំសម្រាប់បិទ Vinicius Junior។ ផ្សេងពីនេះដែរ ក្លឹបយក្សកាតាឡាន់នឹងប្រើប្រាស់ខ្សែការពារឆ្វេង Alejandro Balde ហើយ Jules Kounde និង Christensen ជាខ្សែការពារកណ្ដាល។
ជម្រើស 11 នាក់ដំបូងដែលត្រូវបានគេគិតថា Barcelona នឹងប្រើប្រាស់ក្នុងប្រកួតនេះមាន៖ Ter Stegen; Kounde, Araujo, Christensen, Balde; De Jong, Busquets, Pedri; Raphinha, Lewandowski, Gavi។
ប្រភព: Sportsmole


