បាល់ទាត់អន្តរជាតិ
Mesut Ozil ប្រាប់រឿងរ៉ាវពីអតីតកាល ដែលគាត់ស្ទើរតែបានក្លាយជាកីឡាកររបស់ Barcelona ទៅហើយ ប៉ុន្តែរឿងមួយបានកើតឡើង

អតីតកីឡាកររបស់ក្រុមជម្រើសជាតិអាឡឺម៉ង់ Mesut Ozil បានអះអាងថា កាលពីឆ្នាំ 2010 គាត់ទទួលបានជម្រើស 2 ដោយអាចទៅចូលរួមជាមួយ Real Madrid ក៏បាន និងជាមួយ Barcelona ក៏បាន បន្ទាប់ពីសម្រេចចិត្តចាកចេញពីក្លឹប Werder Bremen។ តែទីបំផុត គាត់បានផ្ទេរទៅ Real Madrid ជាមួយនឹងតម្លៃខ្លួន 18 លានអឺរ៉ូ។
យ៉ាងណាខ្សែបម្រើរូបនេះបានប្រាប់ថា គាត់សម្រេចចិត្តទៅចូលរួមជាមួយ Real Marid ដោយសារតែការយកចិត្តទុកដាក់ និងអាកប្បកិរិយាដ៏ល្អរបស់លោក Jose Mourinho ចំពោះគាត់ ជាជាងអ្វីដែល Barcelona បានធ្វើសម្រាប់គាត់ ហើយវាមិនពាក់ព័ន្ធនឹងរឿងលុយកាក់អ្វីឡើយ។ Mesut Ozil បានប្រាប់ទៀតថា គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Jose Mourinho បានចាត់ទុកគាត់ដូចជាតារាឆ្នើមមួយរូប ខណៈដែលគ្រូបង្វឹករបស់ Barcelona នាពេលនោះមិនបានខិតខំប្រឹងប្រែង ដើម្បីជួបគាត់នោះឡើយ។
ថ្លែងទៅកាន់ Marca តារាឆ្នើមរូបនេះបានប្រាប់ថា មុនពេលសម្រេចចិត្តចូលរួមជាមួយ Real Madrid លោក Jose Mourinho បានយកចិត្តទុកដាក់ចំពោះគាត់ជាខ្លាំង ហើយបាននាំគាត់ទៅមើលកីឡដ្ឋាន និងពានរង្វាន់ទាំងអស់ដែល Real Madrid ធ្លាប់បានឈ្នះ ដែលវាជារឿងដ៏អស្ចារ្យមួយ។ ផ្ទុយមកវិញ ពេលទៅ Barcelona គាត់មិនសូវទទួលបានការរាក់ទាក់ឡើយ សូម្បីតែលោក Pep Guardiola ក៏មិនបានឆ្លៀតពេលដើម្បីជួបគាត់ផ្ទាល់ដែរ។
Mesut Ozil បានបន្ថែមទៀតថា តាមពិតទៅ គាត់ចូលចិត្តស្ទីលលេងបាល់របស់ Barcelona និងចង់ក្លាយជាកីឡាកររបស់ក្លឹបមួយនេះខ្លាំងណាស់។ ប៉ុន្តែគ្រប់យ៉ាងបានផ្លាស់ប្ដូរដោយសាររឿងនេះ ហើយលោក Jose Mourinho គឺជាចំណែកមួយដ៏ធំ ដែលធ្វើឲ្យគាត់សម្រេចចិត្តផ្ទេរទៅ Santiago Bernabeu។
ប្រភព: GOAL