បាល់ទាត់អន្តរជាតិ
Ronaldinho បង្ហាញគំនិតគាំទ្រឲ្យ Barcelona នាំយក Messi ត្រឡប់មកវិញ

វីរបុរសរបស់ក្លឹបអ្នកមានបុណ្យ Barcelona លោក Ronaldinho បានលើកឡើងថា គាត់នឹងសប្បាយចិត្ត ប្រសិនបើឃើញអតីតប្រធានក្រុម Lionel Messi វិលត្រឡប់មក Camp Nou ដើម្បីជួបជុំក្លឹបចាស់របស់ខ្លួន និងបញ្ចប់អាជីពបាល់ទាត់របស់គាត់ ជាមួយក្លឹបយក្សកាតាឡាន់មួយនេះ។
បុរសឆ្នើម Ronaldinho ធ្លាប់លេងជាមួយ Messi ក្នុងអំឡុងពេលពួកគេនៅ Barcelona ជាមួយគ្នា។ យ៉ាងណា ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះបានចូលនិវត្តន៍ពីបាល់ទាត់តាំងពីថ្ងៃទី 16 ខែមករា ឆ្នាំ 2018 ម្ល៉េះ។ ទន្ទឹមនឹងនេះដែរ Lionel Messi ក៏បានចាកចេញពី Barcelona ទៅ Paris Saint-Germain នៅរដូវក្តៅឆ្នាំ 2021 ដោយសារក្លឹបជួបបញ្ហាហិរញ្ញវត្ថុ។
ដោយឡែកពេលនេះ កុងត្រារបស់ Messi ជាមួយក្លឹបយក្សបារាំង PSG នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយគាត់មិនទាន់បានសម្រេចចិត្តចុះកុងត្រាថ្មី ដើម្បីបន្តជីវិតនៅ Ligue 1 នៅឡើយទេ។ ស្របពេលដែលអនាគរបស់ Lionel Messi កំពុងស្ថិតនៅក្នុងភាពស្រពេចស្រពិលនោះ មជ្ឈដ្ឋានបាល់ទាត់ជាច្រើនបានលើកឡើងថា គាត់នឹងមានភាគរយខ្ពស់ក្នុងការត្រឡប់មកកាន់ Barcelona ដែលជាអតីតក្លឹបពីកុមារភាពរបស់គាត់វិញ។
រឿងនេះដែរ ក៏បានធ្វើឲ្យ Ronaldinho ដែលធ្លាប់ជាមិត្តរួមក្រុមនឹង Messi បញ្ចេញមតិគាំទ្រ ដោយចង់ឃើញ តារាឆ្នើមអាហ្សង់ទីនរូបនេះ មកជួបជុំក្លឹបដែលគាត់ស្រឡាញ់បំផុតវិញ។ Ronaldinho បាននិយាយតាមរយៈ Sport ថា៖ “ខ្ញុំជាមិត្តនឹង Messi ខ្ញុំសប្បាយចិត្តណាស់ ដែលបានឃើញគាត់ឈ្នះពានក្នុងក្តីស្រមៃ (World Cup) របស់គាត់។ សម្រាប់ខ្ញុំ កីឡាករល្អបំផុតគឺ Messi។ ខ្ញុំចង់ឃើញគាត់សប្បាយចិត្ត ខ្ញុំមិនខ្វល់ថា គាត់នៅជាមួយក្លឹបណាទេ។ គាត់បានកសាងប្រវត្តិសាស្រ្តទាំងអស់ជាមួយ Barcelona ហើយវាពិតជាល្អណាស់ ប្រសិនបើគាត់អាចបញ្ចប់អាជីពរបស់គាត់នៅទីនោះ”។
ប្រភព: Dailypost NG