បាល់ទាត់អន្តរជាតិ
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!

របាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបអធិរាជស Real Madrid បានត្រៀមខ្លួនដើម្បីចរចាជាមួយលោក Julian Nagelsmann ដែលបច្ចុប្បន្នកំពុងទំនេរពីការងារ បន្ទាប់ពីការគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះ ត្រូវបានអតីតក្លឹបរបស់ខ្លួន Bayern Munich បណ្ដេញចេញកាលពីប៉ុន្មានថ្ងៃមុន។
គ្រូបង្វឹកវ័យ 35 ឆ្នាំរូបនេះ ត្រូវបានចាត់ទុកថា ជាគ្រូបង្វឹកវ័យក្មេង និងមានសមត្ថភាពខ្ពស់បំផុតមួយរូប ក្នុងចំណោមគ្រូបង្វឹកផ្សេងទៀតនៅតំបន់អឺរ៉ុប។ យ៉ាងណា រឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយក្លឹបម្ចាស់ជើងឯកនៅ Bundesliga បានសម្រេចចិត្តបណ្ដេញគាត់ចេញពីតំណែង។
ក្រោយពីការបណ្ដេញចេញ Julian Nagelsmann ថ្នាក់ដឹកនាំរបស់ក្លឹប Bayern Munich ក៏បានប្រាប់ពីហេតុផលនេះផងដែរ ដោយលើកឡើងថា ទម្រង់លេងរបស់ក្រុមមិនមានភាពល្អប្រសើរ និងកាន់តែយ៉ាប់យ៉ឺនទៅ ហើយក៏មានកត្តាមួយចំនួនផ្សេងនៅក្រៅទីលានផងដែរ។ ពួកគេបាននាំយកលោក Thomas Tuchel មកជំនួសតំណែងរបស់គ្រូបង្វឹករូបនេះ។
បន្ទាប់ពីទំនេរពីការងារជាគ្រូបង្វឹកបានប៉ុន្មានថ្ងៃ ពេលនេះមានរបាយការណ៍ពី SPORT បានអះអាងថា ក្លឹបធំៗជាច្រើនចង់បានគាត់ទៅដឹកនាំ ហើយក្នុងចំណោមនោះមានក្លឹប Real Madrid, Chelsea និង Tottenham Hotspur ផងដែរ។ មាន់ខ្នាយមាស Tottenham Hotspur ពិតជាចាប់អារម្មណ៍ខ្លាំងលើគ្រូបង្វឹករូបនេះ ដើម្បីជំនួសគ្រូបច្ចុប្បន្នលោក Antonio Conte។
ទន្ទឹមនឹងនេះ តោខៀវ Chelsea ក៏ត្រូវបានគេរាយការណ៍ថា កំពុងតាមដានពីស្ថានការណ៍របស់លោក Julian Nagelsmann ដែរ។ ពួកគេក៏កំពុងចាប់អារម្មណ៍ចង់នាំយកគាត់មក Stamford Bridge នៅចុងបញ្ចប់នៃរដូវកាលនេះ។ ក្លឹបធំចុងក្រោយមួយទៀតគឺ Real Madrid ដោយពួកគេក៏មានគម្រោងចំពោះលោក Julian Nagelsmann ដែរ ខណៈដែលកាលពី 7 ឆ្នាំមុន ពេលដែលគ្រូបង្វឹករូបនេះដឹកនាំនៅ Hoffenheim ក្លឹបយក្សនៅអេស្ប៉ាញ Real Madrid ធ្លាប់បានទាក់ទងទៅគាត់ ដើម្បីមកជំនួសកន្លែងរបស់លោក Zinedine Zidane។ ប៉ុន្តែ Julian Nagelsmann បានបដិសេធ ប្រហែលជាពេលនោះគាត់នៅមានបទពិសោធន៍ក្មេងខ្ចីពេក។
ប្រភព: Sportsmole