Connect with us

បាល់ទាត់អន្តរជាតិ

អត់​ទ្រាំ​លែង​បាន!!! ឪពុក​របស់ Ansu Fati វាយ​ប្រហារ​ចំៗ​លើ Barcelona ដែល​មិន​សូវ​ដាក់​កូន​ប្រុស​របស់​ខ្លួន​ឲ្យ​ចូលលេង

Published

on

ឪពុក​របស់ Ansu Fati បាន​វាយប្រហារ​​ចំៗ​ទៅ​លើ​ក្លឹប​អ្នក​មាន​បុណ្យ Barcelona ក្នុង​បទសម្ភាសន៍​មួយ​ដែល​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង កាល​ពី​ពេល​ថ្មីៗ​នេះ។ លោក Bori Fati ដែល​ត្រូវ​ជា​ឪពុក​របស់​ខ្សែ​ប្រយុទ្ធ​ស្លាប​រូប​នេះ​បាន​លើក​ឡើង​ថា គាត់​​ចង់​ឲ្យ​កូនប្រុស​របស់​គាត់​ចាកចេញ​ពី Camp Nou ក្នុង​អំឡុង​ពេល​ទីផ្សារដោះដូរ​កីឡាករ​នា​រដូវក្តៅ​ខាង​មុខ​នេះ។

យ៉ាង​ណា​មិញ​កីឡាករ​វ័យ 20 ឆ្នាំ​រូបនេះ​បាន​បង្ហាញ​ខ្លួន​ចំនួន 38 ប្រកួត ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​លោក Xavi Hernandez នៅ​រដូវកាល​ឆ្នាំ 2022-2023 ប៉ុន្តែ​គាត់​រក​បាន​គ្រាប់​បាល់​ស៊ុត​បញ្ចូលទី​តែ 6 គ្រាប់ និង Assist 3 ដង​ប៉ុណ្ណោះ។ កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ បាន​បង្ហាញ​ខ្លួន​ជា​ជម្រើស​ដំបូង​របស់​ក្រុម ត្រឹមតែ 9 ប្រកួត​ប៉ុណ្ណោះ​នៅ​ក្នុង​ការ​ប្រកួត​ក្របខណ្ឌ La Liga ស្រប​ពេល​ដែល​កីឡាករ​ដូចជា Ousmane Dembele, Raphinha, Gavi និង Robert Lewandowski ជា​ជម្រើស​សំខាន់​របស់​ក្លឹប។

ពាក់​ព័ន្ធ​នឹង​ការ​ដែល​មិន​សូវ​មាន​ឱកាស​បង្ហាញ​សមត្ថភាព​នៅ​លើ​ទីលាន​ប្រកួត​នោះ​លោក Bori Fati ដែល​ត្រូវ​ជា​ឪពុក​របស់ Ansu Fati បាន​និយាយ​ទាំង​កំហឹង​ថា កូន​ប្រុស​របស់​គាត់​មិន​ចង់ចាក​ចេញ​ពី​ក្លឹប​យក្ស​កាតាឡាន់​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ​ទេ ប៉ុន្តែ​គាត់​ចង់​ឲ្យ​គេ​ចាកចេញ ដើម្បី​បន្ត​អាជីព​បាល់ទាត់​ដ៏​ត្រចះត្រចង់​ឡើង​វិញ។

លោក Bori Fati បាន​ប្រាប់ COPE ថា៖ “Ansu Fati មិន​ចង់​ចាកចេញ​ពី Barcelona ទេ ប៉ុន្តែ​ខ្ញុំ​ចង់​ឃើញ​គាត់​ជោគជ័យ ខ្ញុំ​នឹង​មិន​ទៅ​កីឡដ្ឋាន Camp Nou ទៀត​ទេ ខ្ញុំ​ខឹង​នឹង​ក្លឹប​ខ្លាំង​ណាស់។ ក្នុងរយៈ​ពេល​​មួយ​ខែ​នេះ យើង​នឹង​ជួប​និយាយ​ជាមួយ​លោក Jorge Mendes (ភ្នាក់ងារ)។ វា​ពិត​ជា​រំខាន​ដល់​ខ្ញុំ ដែល Ansu Fati មិន​សូវ​បាន​ចូល​លេង។ គេ​ជា​កីឡាករ​ម្នាក់​ដែល​មាន​សញ្ជាតិ​អេស្ប៉ាញ ហើយ​មក​ពី La Masia។ គាត់​សម​នឹង​ទទួល​បាន​ឱកាស​ច្រើន​ជាង​នេះ”។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២