បាល់ទាត់អន្តរជាតិ
Carlo Ancelotti ថា Messi ជាកីឡាករដ៏អស្ចារ្យម្នាក់ ប៉ុន្តែមិនមែនល្អបំផុតនោះទេ

គ្រូបង្វឹករបស់ក្លឹបអធិរាជស Real Madrid លោក Carlo Ancelotti បានលើកឡើងថា តារាឆ្នើម Lionel Messi មិនមែនជាកីឡាករបាល់ទាត់ល្អបំផុតក្នុងប្រវត្តិសាស្ត្រនោះទេ ដោយមានកីឡាករមួយចំនួនផ្សេងទៀត ក៏អស្ចារ្យដែរ។ ដោយឡែក Messi បានស៊ុតបញ្ចូលទីគ្រាប់ទី 803 ក្នុងអាជីពរបស់គាត់ នៅក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិ Curacao កាលពីម្សិលមិញនេះ។
ក្នុងចំណោមគ្រាប់បាល់សរុប 803 គ្រាប់នៃអាជីពបាល់ទាត់របស់ខ្លួន មាន 102 គ្រាប់ជាការស៊ុតបញ្ចូលទីសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន។ បច្ចុប្បន្ន Lionel Messi មានគ្រាប់បាល់សរុបចាញ់ Cristiano Ronaldo ត្រឹមតែ 30 គ្រាប់ប៉ុណ្ណោះ ហើយគាត់ជាកីឡាករទី 3 ដែលមានគ្រាប់បាល់ច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ ខណៈដែលអតីតវីរបុរស Josef Bican មានគ្រាប់បាល់សរុប 805 គ្រាប់។
ក្រៅពីកំណត់ត្រាផ្សេងៗនោះ ខ្សែប្រយុទ្ធឆ្នើម Lionel Messi បានដឹកនាំអាហ្សង់ទីនឲ្យទទួលបានជ័យជម្នះក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតាកាលពីខែធ្នូ។ សមិទ្ធិផលដ៏អស្ចារ្យនេះ បានធ្វើឲ្យអ្នកគាំទ្រ និងមជ្ឃដ្ឋានបាល់ទាត់ជាច្រើនមើលឃើញថា គាត់គឺជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ព្រោះគ្មានពានណាមួយដែលតារាឆ្នើម Lionel Messi មិនធ្លាប់ឈ្នះឡើយ។
ផ្ទុយមកវិញម្ចាស់ពាន Ballon d’Or 7 សម័យកាលរូបនេះ មិនត្រូវបានគ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Carlo Ancelotti ទទួលស្គាល់ថា គាត់ជាកីឡាករល្អបំផុតនោះទេ។ គ្រូបង្វឹករូបនេះបានប្រាប់ GOAL ដោយនិយាយថា៖ “តើ Messi ល្អបំផុតក្នុងប្រវត្តិសាស្ត្ររឺ? គាត់ជាកីឡាករដ៏អស្ចារ្យម្នាក់ ប៉ុន្តែខ្ញុំមិនអាចនិយាយថា កីឡាកររូបណាល្អជាងគេបំផុតនោះទេ។ មានកីឡាករអស្ចារ្យជាច្រើនទៀតដូចជា Maradona, Di Stefano, Cruyff…”។
ប្រភព: Sportsbrief