បាល់ទាត់អន្តរជាតិ
Barcelona ត្រៀមលក់ Ansu Fati ខណៈដែលបិសាចក្រហម កំពុងចាប់អារម្មណ៍ខ្លាំង

ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា នឹងក្លាយជាបេក្ខភាពដំបូងគេក្នុងការចុះហត្ថលេខាលើតារាឆ្នើមមួយរូបរបស់ Barcelona គឺកីឡាករ Ansu Fati ដែលក្លឹបយក្សកាតាឡាន់មួយនេះ នឹងសម្រេចិត្តលក់គេចេញក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។
យ៉ាងណាមិញ កីឡាករវ័យ 20 ឆ្នាំ Ansu Fati បច្ចុប្បន្នកំពុងត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការចាកចេញពី Camp Nou បន្ទាប់ពីបាត់បង់ឱកាសបង្ហាញសមត្ថភាពនៅលើទីលានប្រកួត និងជាពិសេសកាលពីពេលថ្មីៗនេះ ឪពុករបស់គេបានបង្ករជម្លោះជាមួយក្លឹប ដោយបានវាយប្រហារពាក្យសម្ដីចំៗទៅលើ Barcelona ពាក់ព័ន្ធនឹងការដែលមិនចាត់ទុកកូនប្រុសរបស់ខ្លួនជាកីឡាករសំខាន់។
នៅរដូវកាលនេះ កីឡាករសញ្ជាតិអេស្ប៉ាញ Ansu Fati បានបង្ហាញខ្លួន 38 ប្រកួត ប៉ុន្តែគាត់រកបានគ្រាប់តែ 6 គ្រាប់ និង Assists 3 ដងប៉ុណ្ណោះ។ គាត់នៅសល់កុងត្រារយៈពេល 4 ឆ្នាំទៀត ដើម្បីបន្តនៅក្លឹបបច្ចុប្បន្នរបស់ខ្លួន ប៉ុន្តែគាត់ប្រហែលជាមិនបន្តជីវិតនៅ La Liga ទៀតឡើយ។ យោងតាម SPORT បានឲ្យដឹងថា ក្លឹបមួយចំនួនរួមមាន Chelsea, Newcastle United និង Arsenal កំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពកីឡាករវ័យក្មេងរូបនេះ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍បានអះអាងថា Manchester United នឹងក្លាយជាក្លឹបដែលមានភាគរយខ្ពស់បំផុត ក្នុងការចុះហត្ថលេខាលើ Fati ក្នុងអំឡុងទីផ្សារដោះដូរកីឡាករនៅចុងបញ្ចប់នៃរដូវកាលនេះ។
ប្រភព: Sportsmole