បាល់ទាត់អន្តរជាតិ
Rooney លើកឡើងថា ទោះមានរឿងល្អក់កករពីមុន Cristiano Ronaldo នៅតែជាវីរបុរសរបស់ក្លឹបបិសាចក្រហម

អតីតកីឡាកររបស់ក្លឹបបិសាចក្រហម Manchester United គឺកីឡាករ Wayne Rooney បានអះអាងថា ការចាកចេញដ៏ចម្រូងចម្រាសរបស់ Cristiano Ronaldo កាលពីខែវិច្ឆិកាឆ្នាំមុន មិនបានធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ដំណែល និងស្នាដៃដែលគាត់ធ្លាប់បានសាងនៅ Old Trafford កន្លងមកនោះឡើយ។
យ៉ាងណាមិញ Cristiano Ronaldo បានចែកផ្លូវគ្នាជាមួយក្លឹបបិសាចក្រហម ដោយមានការព្រមព្រៀងគ្នាទៅវិញទៅមក។ ការចាកចេញនោះបានធ្វើឡើង បន្ទាប់ពីតារាឆ្នើមរូបនេះ បានផ្ដល់កិច្ចសម្ភាសន៍ ដោយរិះគន់គ្រូបង្វឹកលោក Erik ten Hag និងរិះគន់ក្លឹបចំៗ។ បិសាចក្រហមបានបញ្ចប់កុងត្រារបស់គាត់ ហើយ Cristiano Ronaldo បានទៅចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអូឌីត Al-Nassr។
នៅក្នុងបទសម្ភាសន៍ជាមួយ CNN អតីតតារាឆ្នើមរបស់ Manchester United លោក Wayne Rooney បាននិយាយអំពីការចាកចេញដ៏អាស្រូវរបស់ Cristiano Ronaldo ដោយបានបង្ហាញពីកេរ្តិ៍ដំណែលរបស់តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់នៅ Manchester United កន្លងមក ដោយនិយាយថា៖ “ខ្ញុំគិតថា អ្វីដែលគាត់បានធ្វើសម្រាប់ Manchester United គឺអស្ចារ្យណាស់។ គាត់បានឈ្នះពានរង្វាន់ Premier League, ឈ្នះ UEFA Champions League និងស៊ុតបញ្ចូលទីបានច្រើន។ ដូច្នេះខ្ញុំប្រាកដថា សម្រាប់អ្នកគាំទ្រ និងសម្រាប់កីឡាករ ក៏ដូចជា អតីតមិត្តរួមក្រុមរបស់គាត់ ដែលបានលេងជាមួយគាត់តាំងពីជំនាន់ខ្ញុំ ជាពិសេសពួកយើងនឹងមិនភ្លេចនូវអ្វីដែលគាត់បានធ្វើសម្រាប់ Manchester United ឡើយ”។
Wayne Rooney បានបន្ថែមទៀតថា៖ “នៅក្នុងភ្នែករបស់ខ្ញុំ គាត់តែងតែជាជើងខ្លាំងរបស់ក្លឹប ហើយវាជារឿងដ៏អាម៉ាស់មួយ ដែលវាបញ្ចប់ទៅដោយបែបនេះ។ ប៉ុន្តែខ្ញុំគិតថា រឿងនេះមិនអាចធ្វើឲ្យបាត់បង់កេរ្តិ៍ដំណែលរបស់គាត់នៅក្លឹបនោះទេ”។
ប្រភព: Sportskeeda