បាល់ទាត់អន្តរជាតិ
Erik ten Hag ថា កូនក្រុមរបស់ខ្លួនរូបនេះ ជាខ្សែការពារដ៏ល្អបំផុតនៅ Premier League

លោក Erik ten Hag ដែលជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United បានចាត់ទុក Luke Shaw ជាខ្សែការពារឆ្វេងដ៏ល្អបំផុត នៅក្នុងក្របខ័ណ្ឌ Premier League។ ខ្សែការពាររូបនេះ បានចំណាយពេលនៅ Old Trafford រយៈពេល 9 ឆ្នាំមកហើយ ចាប់តាំងពីចូលរួមជាមួយបិសាចក្រហមដោយផ្ទេរពី Southampton កាលពីឆ្នាំ 2014។
ក្លឹបបិសាចក្រហមបានចំណាយប្រាក់ចំនួន 31 លានផោន ពេលទិញគាត់មកពី Southampton។ គាត់បានបង្ហាញខ្លួនសរុប 249 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 4 គ្រាប់ និង 28 Assists។ មិនថានៅក្នុងក្លឹបបិសាចក្រហម រឺនៅក្នុងក្រុមជម្រើសជាតិអង់គ្លេស Luke Shaw គឺជាខ្សែការពារឆ្វេងដ៏សំខាន់មិនអាចខ្វះបាន និងតែងតែជាជម្រើសដំបូងរបស់គ្រូបង្វឹកជានិច្ច។
ខ្សែការពារឆ្វេងរូបនេះ បានបន្តកុងត្រាថ្មីរយៈពេល 4 ឆ្នាំបន្ថែមទៀត ជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន ហើយស្របពេលជាមួយគ្នានេះដែរ គ្រូបង្វឹកលោក Erik ten Hag បានសរសើរកីឡាកររបស់គាត់យ៉ាងខ្លាំង។ គាត់បានប្រាប់គេហទំព័រផ្លូវការរបស់ក្លឹបថា៖ “ខ្ញុំគិតថា គ្រប់យ៉ាងបានប្រាប់ដល់យើងហើយ, គាត់ជាខ្សែការពារឆ្វេងដ៏ល្អបំផុតនៅអង់គ្លេស។ អ្នកឃើញគាត់ផងដែរ នៅក្នុងក្រុមជម្រើសជាតិអង់គ្លេស គាត់កំពុងបង្ហាញសមត្ថភាពបានយ៉ាងល្អនៅទីនោះ”។
ប្រភព: Sportskeeda