បាល់ទាត់អន្តរជាតិ
ក្លឹប 2 នៅអង់គ្លេស រងចាំទទួល Ferland Mendy ប្រសិនបើខ្សែការពាររូបនេះ សម្រេចចិត្តចាកចេញពីទឹកដីអេស្ប៉ាញ

ក្លឹបមេឃខៀវ Manchester City និង Arsenal ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រជែងយកខ្សែការពារ Ferland Mendy របស់ Real Madrid ក្នុងអំឡុងពេលដែលទីផ្សារដោះដូរកីឡាករបើកឡើងវិញនៅចុងបញ្ចប់នៃរដូវកាលនេះ។
កីឡាករវ័យ 27 ឆ្នាំរូបនេះបានផ្លាស់ទៅ Bernabeu ដោយផ្ទេរពីក្លឹប Lyon ក្នុងឆ្នាំ 2019 ហើយគាត់បានលេងប្រកួតសរុបសម្រាប់ Real Madrid ចំនួន 130 ប្រកួតមកហើយ ដោយរួមចំណែកស៊ុតបញ្ចូលទីបានចំនួន 5 គ្រាប់ និង 10 Assists។ ខ្សែការពារឆ្វេងរូបនេះ បានឈ្នះពាន La Liga ចំនួន 2 ដង, Spanish Super Cups, UEFA Champions League និង UEFA Super Cup ដែលនេះអាចចាត់ទុកជាជោគជ័យមួយក្នុងអាជីពរបស់ខ្លួននៅលីគកំពូលនៃប្រទេសអេស្ប៉ាញ។
ទោះបីជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិបារាំងរូបនេះ បានបង្ហាញខ្លួនត្រឹមតែ 25 ប្រកួតប៉ុណ្ណោះ នៅរដូវកាលនេះ ដោយសារតែបញ្ហារបួស។ Ferland Mendy ទើបតែត្រឡប់វិលចូលទីលានវិញ បន្ទាប់ពីមានបញ្ហាសាច់ដុំ និងបានបង្ហាញខ្លួនជាកីឡាករបម្រុងក្នុងជំនួបជាមួយ Barcelona កាលពីចុងខែមុន។
យ៉ាងណា ខ្សែការពារស្លាបឆ្វេងរូបនេះកំពុងប្រឈមមុខនឹងបញ្ហារបួសជាថ្មីម្ដងទៀត ដែលទាក់ទងនឹងកំភួនជើង ហើយត្រូវសម្រាករយៈពេលមួយខែ។ Mendy នៅសល់កុងត្រា 2 ឆ្នាំទៀត ជាមួយ Real Madrid ប៉ុន្តែមជ្ឃដ្ឋានបាល់ទាត់ជាច្រើនមើលឃើញថា អនាគតរបស់គាត់នៅចុងបញ្ចប់នៃរដូវកាលនេះកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។
យោងតាម Fichajes បានឲ្យដឹងថា ក្លឹបបច្ចុប្បន្ន Real Madrid កំពុងមានការធុញទ្រាន់នឹងរបួសឥតឈប់ឈររបស់ Ferland Mendy ដែលធ្វើឲ្យពួកគេពិចារណាលក់គាត់ចេញ នៅចុងបញ្ចប់នៃរដូវកាលនេះ។ ទន្ទឹមនឹងនេះដែរ ក្លឹប 2 នៅ Premier League ដែលមាន Manchester City និង Arsenal កំពុងចាប់អារម្មណ៍លើកីឡាករឆ្នើមរូបនេះ ហើយពួកគេអាចនឹងហ៊ានចំណាយលុយខ្ទង់ 60 លានអឺរ៉ូ (53 លានផោន) ដើម្បីនាំយកគាត់ទៅទឹកដីអង់គ្លេស។
ប្រភព: Sportsmole