បាល់ទាត់អន្តរជាតិ
ក្រោយជួយក្លឹបឲ្យឡើងវគ្គផ្ដាច់ព្រ័ត Carlo Ancelotti ថា Benzema សមនឹងឈ្នះ Ballon d’Or ម្ដងទៀត នៅឆ្នាំនេះ

គ្រូបង្វឹករបស់ក្លឹបអធិរាជស Real Madrid លោក Carlo Ancelotti បានជ្រើសរើស Karim Benzema ជាបេក្ខភាពដែលសាកសមជាងគេបំផុត ក្នុងការឈ្នះពាន Ballon d’Or នៅរដូវកាល 2022-2023។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ បានអះអាងបែបនេះ បន្ទាប់ពីកីឡាករវ័យ 34 ឆ្នាំរបស់ខ្លួន ស៊ុតបញ្ចូលទីបាន 3 គ្រាប់ម្នាក់ឯង ក្នុងការយកឈ្នះទៅលើ Barcelona 4-0 កាលពីរំលងអាធ្រាតយប់មិញនេះ។
យ៉ាងណាមិញ Real Madrid បានទម្លាក់ក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងដី Spotify Camp Nou ដែលជាការប្រកួតជើងទីពីរនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa del Rey។ ជាមួយនឹងជោគជ័យរបស់ក្រុមនោះ ខ្សែប្រយុទ្ធឆ្នើម Karim Benzema ត្រូវបានគេមើលឃើញថា ជាតួអង្គដ៏សំខាន់ និងជាតួឯកដែលនាំក្លឹបរបស់ខ្លួនឲ្យឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត។
ថ្លែងទៅកាន់សារព័ត៌មានក្រោយការប្រកួត គ្រូបង្វឹកលោក Carlo Ancelotti ត្រូវបានគេសួរអំពីខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema។ ពេលនោះ គាត់បាននិយាយថា៖ “Benzema ត្រឡប់មកវិញហើយ។ គាត់មកវិញហើយ”។
ដូចគ្នានេះដែរ នៅពេលគេសួរថា តើ Karim Benzema អាចឈ្នះ Ballon d’Or នៅឆ្នាំនេះដែរ រឺអត់? Ancelotti បានតបថា៖ “Ballon D’Or មួយទៀតសម្រាប់ Benzema? ហេតុអ្វីមិនអាច?”
ប្រភព: Dailypost