បាល់ទាត់អន្តរជាតិ
Ajax ត្រៀមនាំយក Van de Beek ត្រឡប់ទៅវិញ នៅចុងបញ្ចប់នៃរដូវកាលនេះ

ក្លឹបកំពូលនៃប្រទេសហូឡង់ AFC Ajax ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍ក្នុងការនាំយកខ្សែបម្រើ Donny van de Beek របស់ក្លឹបបិសាចក្រហម Manchester United ត្រឡប់ទៅវិញ ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនារដូវក្តៅ ចុងបញ្ចប់នៃរដូវកាលនេះ។
យ៉ាងណាមិញ កីឡាករវ័យ 25 ឆ្នាំរូបនេះ គឺជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹប Ajax ហើយត្រូវបានប្រូម៉ូតឡើងមកលេងជាមួយក្រុមឈុតធំលើកដំបូងនៅឆ្នាំ 2016។ បន្តពីនោះមក គាត់បានក្លាយជាកីឡាករដ៏សំខាន់របស់ក្លឹប និងមានឱកាសបង្ហាញខ្លួនសរុបរហូតដល់ 175 ប្រកួត មុនពេលផ្លាស់ទៅ Old Trafford ក្នុងឆ្នាំ 2020។
ដោយឡែក សម្រាប់ក្លឹបបិសាចក្រហម Van de Beek បានបង្ហាញខ្លួនត្រឹមតែ 60 ប្រកួតប៉ុណ្ណោះ នៅគ្រប់ការប្រកួតទាំងអស់របស់ក្លឹប។ គាត់បានព្យាយាមយ៉ាងខ្លាំង ក្នុងការប្រជែងតំណែងជាជម្រើសដំបូងរបស់ Manchester United ប៉ុន្តែគាត់រកបានគ្រាប់បាល់ស៊ុតបញ្ចូលទីត្រឹមតែ 2 គ្រាប់ និង Assists 2 ដងប៉ុណ្ណោះ ក្នុងចំណោម 60 ប្រកួតនោះ។
កីឡាករសញ្ជាតិហូឡង់ រូបនេះបានខ្ចីជើងទៅ Everton កាលពីរដូវកាលមុន ហើយបានត្រឡប់មក Old Trafford វិញ នៅរដូវកាលនេះ។ យ៉ាងណាខ្សែបម្រើរូបនេះ មានឱកាសបង្ហាញខ្លួននៅលើទីលានប្រកួតតិចតួចបំផុត ជាមួយនឹងទម្រង់លេងមិនសូវល្អ បូករួមទាំងរបួសជាញឹកញាប់ផងនោះ។ ទន្ទឹមនឹងនេះដែរ យោងតាមគេហទំព័រ Football Insider បានឲ្យដឹងថា អតីតក្លឹបចាស់របស់គាត់ AFC Ajax នឹងព្យាយាមចរចាចុះហត្ថលេខាលើកីឡាកររូបនេះ ត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញនៅចុងបញ្ចប់នៃរដូវកាលនេះ។
ប្រភព: Sportsmole