បាល់ទាត់អន្តរជាតិ
Kolo Muani ចង់ផ្ទេរទៅ Bayern Munich ជាងផ្ទេរមកបិសាចក្រហម

ខ្សែប្រយុទ្ធ Randal Kolo Muani របស់ក្លឹប Eintracht Frankfurt ត្រូវបានគេរាយការណ៍ថា ចង់ផ្លាស់ទៅកាន់ក្លឹប Bayern Munich ជាជាងការផ្ទេរទៅចូលរួមជាមួយ Manchester United នៅចុងបញ្ចប់នៃរដូវកាលនេះ។ កីឡាករសញ្ជាតិបារាំងរូបនេះ គឺជាខ្សែប្រយុទ្ធឆ្នើមមួយរូបដែលកំពុងមានភាពលេចធ្លោរខ្លាំងក្នុងលីគកំពូលនៃប្រទេសអាឡឺម៉ង់។
គ្មានកីឡាករណាម្នាក់នៅ Bundesliga ដែលជួយក្រុមក្នុងការរកគ្រាប់បាល់ និង Assists បានច្រើនជាង Kolo Muani នៅរដូវកាលនេះទេ ដោយគាត់ស៊ុតបញ្ចូលទីបាន 12 គ្រាប់ និង 10 Assists។ យ៉ាងណាខ្សែប្រយុទ្ធរូបនេះត្រូវបានគេមើលឃើញថា នឹងចាកចេញពីទ្រនំបច្ចុប្បន្ន ដើម្បីស្វែងរកការប្រកួតប្រជែងថ្មីនៅរដូវកាលក្រោយ។
ស្របពេលជាមួយគ្នានេះដែរ នាយកផ្នែកកីឡារបស់ Bayern Munich លោក Hasan Salihamidzic បានសារភាពថា ក្លឹបនឹងត្រូវការពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេនៅរដូវក្តៅខាងមុខ ហើយនេះហាក់ដូចជាពួកគេបានបើកភ្លើងខៀវសម្រាប់ការផ្ទេរ Kolo Muani ដែលជាគោលដៅពិតប្រាកដរបស់ខ្លួន។
កន្លងមក Kolo Muani ត្រូវបានទទួលការចាប់អារម្មណ៍ជាខ្លាំងពីក្លឹបបិសាចក្រហម Manchester United។ ដូច្នេះនៅពេលនេះគាត់មានជម្រើស 2 នៅក្នុងដៃដោយចូលរួមជាមួយ Bayern Munich រឺ Manchester United។ ទោះជាយ៉ាងណា យោងតាមរបាយការរបស់គេហទំព័រ Sport1 បានអះអាងថា គោលដៅដែល Kolo Muani ពេញចិត្តជាងគេ គឺផ្ទេរទៅ Bayern Munich នៅរដូវក្តៅនេះ មានន័យថា ក្រុមរបស់លោក Erik ten Hag ប្រហែលជាត្រូវស្វែងរកជម្រើសខ្សែប្រយុទ្ធកណ្ដាលផ្សេងទៀតហើយ នៅចុងបញ្ចប់នៃរដូវកាល ដែលមិនមែនជា Kolo Muani។
ប្រភព: Sportsmole