បាល់ទាត់អន្តរជាតិ
Ancelotti ប្រាប់ថា Modric, Benzema, Kroos នឹងនៅតែជាកីឡាកររបស់គាត់បន្តទៀត នៅរដូវកាលក្រោយ

គ្រូបង្វឹករបស់ក្លឹបអធិរាជស Real Madrid លោក Carlo Ancelotti បានបង្ហើបពីអនាគតរបស់ Luka Modric, Toni Kroos និង Karim Benzema ដែលកីឡាករទាំងបីរូបនេះនឹងមិនទាន់ចាកចេញពី Santiago Bernabeu នៅចុងបញ្ចប់នៃរដូវកាលនេះឡើយ បើទោះបីជាកុងត្រារបស់ពួកគេនឹងផុតកំណត់នៅឆ្នាំនេះក៏ដោយ។
បុរសឆ្នើមទាំងបីដែលមាន Luka Modric, Toni Kroos និង Karim Benzema គឺជាសសរស្តម្ភនៃភាពជោគជ័យរបស់ក្លឹបអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ ថ្វីត្បិតតែរយៈពេលកន្លងមកក្លឹបយក្សនៅអេស្ប៉ាញ Real Madrid បានព្យាយាមចុះហត្ថលេខាលើកីឡាករចំណូលថ្មី ដើម្បីជំនួសកីឡាករឆ្នើមទាំង 3 រូបនេះក៏ដោយ ប៉ុន្តែគ្រប់យ៉ាងហាក់ដូចជាមិនដំណើរការល្អឡើយ ហើយក្លឹបនៅតែត្រូវការ Luka Modric, Toni Kroos និង Karim Benzema ជាចាំបាច់។
ថ្មីៗនេះថ្លែងទៅកាន់សារព័ត៌មានមុនការប្រកួត La Liga របស់ Real Madrid ទល់នឹង Villarreal ចុងសប្តាហ៍នេះ គ្រូបង្វឹកសញ្ជាតិអ៊ីតាលី Carlo Ancelotti បាននិយាយថា៖ “Benzema, Kroos និង Modric នៅតែជាកីឡាកររបស់យើងដូចរាល់ដង។ អ្នកត្រូវវាយតម្លៃពួកគេលើសមត្ថភាព មិនមែនអាយុរបស់ពួកគេទេ…”។
ប្រភព: Dailypost