បាល់ទាត់អន្តរជាតិ
Chelsea នឹងពិចារណានាំយក Carlo Ancelotti ទៅដឹកនាំ ប្រសិនបើគ្រូបង្វឹករូបនេះចាកចេញពី Real Madrid

ក្លឹបតោខៀវ Chelsea អាចនឹងពិចារណានាំយក Carlo Ancelotti ត្រឡប់ទៅ Stamford Bridge វិញ ក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ពួកគេ ប្រសិនបើគ្រូបង្វឹករូបនេះសម្រេចចិត្តចាកចេញពី Real Madrid នៅរដូវក្តៅ ចុងបញ្ចប់នៃរដូវកាលនេះ។ បុរសវ័យ 63 ឆ្នាំរូបនេះកំពុងស្ថិតក្រោមកុងត្រានៅ Bernabeu រហូតដល់ចុងបញ្ចប់នៃរដូវកាលក្រោយ ប៉ុន្តែអនាគតរបស់គាត់កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ បន្ទាប់ពីទម្រង់លេងរបស់ក្រុមមិនមានភាពល្អប្រសើរជាងរដូវកាលមុន។
លោក Carlo Ancelotti បានដឹកនាំ Real Madrid ឲ្យឈ្នះពាន La Liga និង UEFA Champions League កាលពីរដូវកាលមុន ប៉ុន្តែនៅរដូវកាលនេះ ពួកគេហាក់ដូចជាត្រៀមនឹងប្រគល់ពានលីគកំពូលក្នុងស្រុកទៅឲ្យ Barcelona ទៅហើយ បន្ទាប់ពីក្រុមទាំង 2 បានដាច់ពិន្ទុគ្នារហូតដល់ 10 ពិន្ទុ។
ទន្ទឹមនឹងនេះដែរ ប្រសិនបើ Real Madrid បរាជ័យក្នុងការដណ្តើមពានក្លាយជាម្ចាស់ជើងឯក UEFA Champions League នៅរដូវកាលនេះ លោក Carlo Ancelotti ត្រូវបានគេគិតថា នឹងចែកផ្លូវគ្នាជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន។ ដូច្នេះហើយ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ អាចត្រូវបានពិចារណាសម្រាប់ការត្រឡប់ទៅ Chelsea វិញ ដែលជាក្លឹបខ្លួនធ្លាប់ដឹកនាំកាលពីអំឡុងឆ្នាំ 2009 ដល់ 2011។
ប្រភព: Sportsmole