បាល់ទាត់ជាតិ
Tiffy Army សម្រេចបញ្ចប់កុងត្រារបស់ ឡុង ម៉េងហាវ មុនកំណត់ ក្រោមហេតុផលហឹង្សាដោយចេតនា នៅក្នុងការប្រកួត

កាលពីប៉ុន្មាននាទីមុននេះ ក្លឹបបាល់ទាត់ Tiffy Army FC (សមាគមកីឡាបាល់ទាត់ ខ.ភ.ម) បានចេញសេចក្ដីប្រកាសជាផ្លូវការណ៍អំពីការសម្រេចបញ្ចប់កិច្ចសន្យារបស់ខ្សែបម្រើ ឡុង ម៉េងហាវ មុនកំណត់ ក្រោយពេលដែលកីឡាកររូបនេះបានប្រើហឹង្សាដោយចេតនានៅក្នុងការប្រកួតជាមួយក្លឹបគីរីវង់សុខសែនជ័យ កាលពីថ្ងៃទី 8 សប្ដាហ៍មុន។
ការប្រកួតដ៏ចម្រូងចម្រាស់រវាងក្លឹបទាំង 2 បានបញ្ចប់ទៅក្នុងលទ្ធផល 1 ទល់នឹង 0 ខណៈដែល Tiffy Army FC គឺជាអ្នកទទួលបានជ័យជំនះ។ ទោះជាយ៉ាងណាក៏ដោយ ក្រោយចប់ការប្រកួត អ្នកគាំទ្រជាច្រើនបានសម្ដែងការមិនពេញចិត្តជាខ្លាំងចំពោះទង្វើដែលកីឡាករ ឡុង ម៉េងហាវ បានបង្ករឡើង ដោយវាជាហឹង្សាហួសពីដែនកំណត់នៅក្នុងវិស័យកីឡាបាល់ទាត់។
ដើម្បីបង្ហាញពីការគោរពចំពោះសហព័ន្ធ ក៏ដូចជាការឆ្លើយតបចំពោះអ្នកគាំទ្រ ពេលនេះក្លឹប Tiffy Army FC បានសម្រេចបញ្ចប់កុងត្រារបស់ ឡុង ម៉េងហាវ ហើយ។ ក្លឹប Tiffy Army FC បានប្រកាសថា៖ “ក្នុងនាមថ្នាក់ដឹកនាំក្លឹប មិនគាំទ្រដាច់ខាតចំពោះអំពើហឹង្សាដោយចេតនាណាមួយដែលជាគម្រូមិនល្អ សម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជា។ យើងខ្ញុំសូមប្រកាស និងសម្រេចបញ្ចប់កិច្ចសន្យារវាងក្លឹប ជាមួយនឹងកីឡាករខាងលើនេះ (ឡុង ម៉េងហាវ) ចាប់ពីពេលនេះតទៅ…”។
ប្រភព: Tiffy Army FC