បាល់ទាត់អន្តរជាតិ
Joe Cole ថា កម្រិតរបស់ Real Madrid និងតោខៀវ Chelsea មិនខុសគ្នាខ្លាំងដូចមនុស្សជាច្រើនគិតនោះទេ!!!

អតីតខ្សែប្រយុទ្ធម្នាក់របស់ក្លឹបតោខៀវ Chelsea លោក Joe Cole បាននិយាយថា គម្លាតរវាងក្លឹប Chelsea និង Real Madrid វាមិនសូវខុសគ្នាខ្លាំងណាស់ណា ដូចជាមនុស្សមួយចំនួនធំបានគិតនោះទេ។ អតីតខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះបាននិយាយបែបនេះ នៅមុនពេលនៃការប្រកួតរវាងក្រុមម្ចាស់ផ្ទះ Real Madrid ជាមួយនឹង Chelsea ក្នុងវគ្គ 8 ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League។
តោខៀវ Chelsea បានឡើងមកដល់វគ្គនេះ បន្ទាប់ពីទម្លាក់ក្រុម Borussia Dortmund។ យ៉ាងណា ពួកគេបានជួបគូប្រជែងដ៏តានតឹងមួយនៅពេលនេះ ដែលជាក្លឹបអធិរាជស Real Madrid ម្ចាស់ពាន UCL 14 សម័យកាល។ ក្លឹបយក្សអេស្ប៉ាញមួយនេះ ជាក្លឹបដែលមានប្រវត្តិឈ្នះពាន UEFA Champions League ច្រើនក្លឹបណាៗទាំងអស់នៅក្នុងលោកនេះ។
ដោយឡែកសម្រាប់ក្លឹបតោខៀវ Chelsea ពួកគេក៏ធ្លាប់ឈ្នះពាន UCL នេះបាន 2 ដងផងដែរ ដោយកាលពីឆ្នាំ 2012 និង 2021។ ទន្ទឹមនឹងនេះដែរ បើយើងចោលភ្នែកក្រឡែកមកមើលទម្រង់លេងបច្ចុប្បន្នរវាងក្រុមទាំងពីរ Real Madrid និង Chelsea ហាក់ដូចជាខុសគ្នាខ្លាំង ខណៈដែល Real Madrid នៅតែជោគជ័យខ្លាំងជាមួយ UCL ហើយ Chelsea កំពុងធ្លាក់កូដ និងជាពិសេសពួកគេទើបតែនឹងបានបណ្ដេញគ្រូបង្វឹកលោក Graham Potter ចេញពីតំណែងទៀតផង។
ទោះជាយ៉ាងណាក៏ដោយ សម្រាប់លោក Joe Cole បានយល់ឃើញថា កម្រិតនៃការលេងរបស់ Real Madrid មិនខ្ពស់ជាង Chelsea ខ្លាំងពេកនោះទេ ហើយលោកជឿជាក់ថា លោក Frank Lampard ដែលជាគ្រូបង្វឹករបស់ក្លឹបតោខៀវ នឹងអាចជួយក្លឹបរបស់ខ្លួនឲ្យឈ្នះការប្រកួតនេះបាន។
ប្រភព: Dailypost