បាល់ទាត់អន្តរជាតិ
មាន់ខ្នាយមាស Tottenham Hotspur ចាប់អារម្មណ៍លើកីឡាករវ័យ 20 ឆ្នាំមួយរូបរបស់ក្លឹប Barcelona

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍ថា ជាក្រុមចុងក្រោយដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Ansu Fati របស់ Barcelona។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ធ្លាប់ត្រូវបានគេចាត់ទុកថា ជាអ្នកស្នងមរតករបស់ Lionel Messi ប៉ុន្តែគ្រប់យ៉ាងផ្ទុយពីការរំពឹងទុក ដោយសារគាត់ត្រូវបានតាមរំខាន់ដោយបញ្ហារបួសជាញឹកញាប់។
កីឡាករវ័យ 20 ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងមានភាពល្អក់កករជាមួយក្លឹបរបស់ខ្លួន ហើយត្រូវបានគេគិតថា ក្លឹបយក្សកាតាឡាន់នឹងលក់គាត់ចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។ ទន្ទឹមនឹងនេះដែរជាមួយនឹង Raphinha, Robert Lewandowski, Gavi និង Ousmane Dembele ជាកីឡាករសំខាន់មិនអាចខ្វះបានរបស់លោក Xavi Hernandez បានធ្វើឲ្យ Ansu Fati កាន់តែបាត់បង់ឱកាសបង្ហាញខ្លួនបន្ថែមទៀតនៅលើទីលានប្រកួត។
ថ្មីៗនេះសារព័ត៌មានរបស់អេស្ប៉ាញ Fichajes បានអះអាងថា Barcelona នឹងសុខចិត្តលក់ Ansu Fati ក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាករនាពេលខាងមុខ ខណៈដែលក្លឹបយក្សកាតាឡាន់ក៏កំពុងព្យាយាមកាត់បន្ថយការចំណាយថ្លៃឈ្នួលរបស់ពួកគេទៅលើកីឡាករ និងជាពិសេសដើម្បីឲ្យពួកគេអាចចុះហត្ថលេខាលើកីឡាករចំណូលថ្មីបាន។ របាយការណ៍ដដែលនេះដែរបានបន្ថែមថា Tottenham Hotspur កំពុងតាមដានពីស្ថានភាពរបស់កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ដោយពួកគេចង់នាំយកគាត់មកជំនួសកន្លែងរបស់ Arnaut Danjuma ដែលនឹងត្រឡប់ទៅក្លឹប Villarreal វិញ។
ប្រភព: Sportsmole