បាល់ទាត់អន្តរជាតិ
De Gea កំពុងមានភាគរយខ្ពស់ក្នុងការចាកចេញពីបិសាចក្រហម ខណៈដែលគាត់មិនព្រមទទួលយកការកាត់ប្រាក់ខែតាមសំណើររបស់ក្លឹប

អ្នកចាំទីឆ្នើម David de Gea របស់ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា បានច្រានចោលការស្នើរសុំពីសំណាក់ក្លឹបរបស់ខ្លួន ក្នុងការកាត់បន្ថយប្រាក់ខែរបស់គាត់ចំនួន 9 លានផោនក្នុងមួយឆ្នាំ ដែលចាប់ផ្ដើមអនុវត្តន៍នៅលើកិច្ចព្រមព្រៀងកុងត្រាថ្មីមួយ។
កីឡាករវ័យ 32 ឆ្នាំរូបនេះនៅតែប៉ុន្មានខែទៀតប៉ុណ្ណោះ នឹងផុតកុងត្រារបស់គាត់នៅ Old Trafford ហើយ។ ចុងបញ្ចប់នៃរដូវកាលនេះ David de Gea អាចចាកចេញក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន ប្រសិនបើការចរចាកុងត្រាថ្មីជាមួយបិសាចក្រហមមិនអាចត្រូវរូវគ្នាបានទាន់ពេលវេលាទេនោះ។
កន្លងមក De Gea ធ្លាប់ត្រូវបានគេដឹងថា ចង់ត្រឡប់ទៅប្រទេសអេស្ប៉ាញដែលជាទឹកដីកំណើតរបស់ខ្លួនវិញ ជាពិសេសនៅពេលដែលគាត់ធ្លាក់ទម្រង់លេង និងទទួលបានការរិះគន់ពីអ្នកគាំទ្រ។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ហាក់ដូចជាមានទម្រង់លេងល្អកាន់តែខ្លាំង និងកំពុងក្លាយជាទីពេញចិត្តនៃអ្នកគាំទ្ររបស់ក្លឹបផងដែរ។
ក្លឹបបិសាចក្រហមកំពុងព្យាយាមដាក់សំណើរលើកុងត្រាថ្មីជាមួយ De Gea ជាមួយនឹងប្រាក់ពលកម្មតិចជាងមុន។ បច្ចុប្បន្នគាត់ជាកីឡាករម្នាក់ដែលមានប្រាក់ខែខ្ពស់ចំនួន 375,000 ផោន ក្នុងមួយសប្តាហ៍។ យោងតាមគេហទំព័រ The Sun បានឲ្យដឹងថា ក្លឹបម្ចាស់ជើងឯកអង់គ្លេស 20 សម័យមួយនេះបានស្នើកាត់បន្ថយប្រាក់ពលកម្មប្រចាំសប្តាហ៍របស់ De Gea មកត្រឹម 200,000 ផោន ក្នុងមួយសប្ដាហ៍ ដែលជាការកាត់បន្ថយប្រាក់ចំណូលប្រចាំឆ្នាំរបស់គាត់រហូតដល់ 9 លានផោន។
ប្រភព: Sportsmole