បាល់ទាត់អន្តរជាតិ
Real Madrid ដាក់គម្រោងចរចាផ្ទេរ Erling Haaland ម្ដងទៀតនៅឆ្នាំ 2024

ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា នៅតែមានមហិច្ឆតាក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើម Erling Braut Haaland របស់ Manchester City។ ពួកគេកំពុងមានគម្រោងក្នុងការចរចានាំយកកីឡាករឆ្នើមរូបនេះទៅ Santiago Bernabeu នៅរដូវក្តៅឆ្នាំ 2024។
កន្លងមក Real Madrid គឺជាក្លឹបមួយក្នុងចំណោមក្លឹបជាច្រើនផ្សេងទៀតដែលប្រជែងគ្នាសម្រាប់ការចុះហត្ថលេខាលើកីឡាករសញ្ជាតិន័រវេសរូបនេះកាលពីឆ្នាំមុន ប៉ុន្តែ Manchester City បានសម្រេច ក្នុងការផ្ទេរ Haaland ពី Borussia Dortmund ជាមួយនឹងទឹកប្រាក់ 60 លានអឺរ៉ូ (53.1 លានផោន)។
ដូចការរំពឹងទុក Haaland បានធ្វើព្យុះភ្លៀងយ៉ាងខ្លាំងនៅ Premier League ដោយបានក្លាយជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេនៅលីគកំពូលរបស់អង់គ្លេស។ គាត់បានស៊ុតបញ្ចូលទីសរុប 47 គ្រាប់ និង Assists បាន 6 ដង ក្នុងការបង្ហាញខ្លួន 40 ប្រកួតនៅគ្រប់ក្របខណ្ឌទាំងអស់នៃរដូវកាលនេះ។
ខ្សែប្រយុទ្ធរូបនេះស្ថិតនៅក្រោមកុងត្រាជាមួយ Man City រហូតដល់ចុងរដូវកាល 2026-2027 ប៉ុន្តែគេដឹងថា ក្លឹបយក្សអង់គ្លេសមួយនេះអាចនឹងព្រមលក់គាត់ចេញក្នុងតម្លៃ 200 លានអឺរ៉ូ ជាពិសេស Haaland ធ្លាប់បានដាក់លក្ខខណ្ឌជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួនថា ប្រសិនបើលោក Pep Guardiola លាលែងពីតំណែងជាគ្រូបង្វឹក នោះគេនឹងមានសិទ្ធិចាកចេញបាន។ ផ្សេងពីនេះដែររបាយការណ៍ពី Fichajes បានអះអាងថា Real Madrid មិនទាន់បានបោះបង់ក្តីសង្ឃឹមក្នុងផ្ទេរ Haaland ឡើយ ដោយនៅរដូវក្តៅឆ្នាំក្រោយពួកគេនឹងព្យាយាមចរចាផ្ទេរតារាឆ្នើមរូបនេះម្ដងទៀត ស្របពេលដែលពួកគេនឹងត្រូវការកីឡាករដ៏ចំបាច់ម្នាក់ដើម្បីមកជំនួសកន្លែងរបស់ខ្សែប្រយុទ្ធ Karim Benzema។
ប្រភព: Sportsmole