បាល់ទាត់អន្តរជាតិ
Rio Ferdinand ថា មានតែ Messi ប៉ុណ្ណោះ ដែលស្ថិតក្នុងកម្រិតលើកីឡាករឆ្នើមរបស់បិសាចក្រហមរូបនេះ

វីរបុរសរបស់ក្លឹបបិសាចក្រហម Manchester United លោក Rio Ferdinand បានសរសើរនូវទម្រង់លេងរបស់ Bruno Fernandes ដោយប្រៀបធៀបគាត់ ជាមួយនឹងកំពូលតារាឆ្នើម Lionel Messi របស់ក្លឹបយក្សបារាំង Paris Saint-Germain (PSG)។
យ៉ាងណាមិញ Bruno Fernandes មានទម្រង់លេងដ៏ល្អ ចាប់តាំងពីបានចូលរួមជាមួយក្លឹបបិសាចក្រហមក្នុងឆ្នាំ 2020។ ជាការពិត យោងទៅតាមរបាយការណ៍ពី Opta បានបង្ហាញថា គាត់គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ 2 នាក់ ដែលបានស៊ុតបញ្ចូលទី និង Assists ច្រើនជាង 50 គ្រាប់ គិតចាប់តាំងពីឆ្នាំ 2020 មក។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបានស៊ុតបញ្ចូលទី 60 គ្រាប់ និង Assists 52 ដង ក្នុងការបង្ហាញខ្លួន 175 ប្រកួត សម្រាប់ក្លឹបបិសាចក្រហម។
មានតែកីឡាករម្នាក់គត់ដែលបានធ្វើរឿងស្រដៀងគ្នានេះដែរគឺ Lionel Messi ដោយតារាឆ្នើមអាហ្សង់ទីនរូបនេះបានស៊ុតបញ្ចូលទី 80 គ្រាប់ និង 59 Assists។ ដោយមើលឃើញបែបនេះ Rio Ferdinand បានប្រៀបធៀបអ្នកទាំង 2 ដោយនិយាយថា៖ “ស្ថិតិរបស់គាត់ (Fernandes) មានតែ Messi ប៉ុណ្ណោះដែលប្រជែងគាត់បាន ក្នុងការរួមចំណែកស៊ុតបញ្ចូលទី ចាប់តាំងពីគាត់បានចុះហត្ថលេខាមកបិសាចក្រហម។ ខ្ញុំមិននិយាយថា គាត់ស្ថិតក្នុងកម្រិត Messi ទេ ហើយក៏គ្មាននរណាម្នាក់និយាយថា Bruno Fernandes ស្ថិតនៅលើកម្រិត Messi ដែរ។ ប៉ុន្តែមានតែ Messi ប៉ុណ្ណោះដែលនៅពីលើគាត់ ក្នុងស្ថិតិទាំងនោះ។ យ៉ាងណាគាត់ត្រូវការ Eriksen ដើម្បីឈានដល់កម្រិតមួយផ្សេងទៀតលើសពីនេះ”…។
ប្រភព: Sportskeeda