បាល់ទាត់អន្តរជាតិ
Man City និង Inter Milan ដឹកដៃគ្នាឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត UCL

ក្លឹបមេឃខៀវ Manchester City និងក្លឹបយក្សមកពីអ៊ីតាលី Inter Milan បានកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតក្របខ័ណ្ឌ UEFA Champions League បន្ទាប់ពីពួកគេបានយកឈ្នះគូប្រកួតរបស់ខ្លួន ដោយ Manchester City បានយកឈ្នះ Bayern Munich ក្នុងលទ្ធផលសរុបទាំងពីរជើង 4-1 ខណៈដែល Inter Milan បានទម្លាក់ Benfica ក្នុងលទ្ធផលសរុប 5-3។
នៅក្នុងវគ្គ 4 ក្រុមចុងក្រោយ រឺវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត នឹងមិនមានការចាប់ឆ្នោតអ្វីឡើយ ដោយ Manchester City នឹងត្រូវប្រឈមមុខគ្នាជាមួយ Real Madrid ហើយ Inter Milan ត្រូវប៉ះនឹងក្រុមមកពីអ៊ីតាលីដូចគ្នាគឺ AC Milan។ ដូច្នេះយើងអាចមើលឃើញថា ឆ្នាំនេះនឹងមានក្រុមមួយមកពីអ៊ីតាលី ត្រូវបង្ហាញខ្លួនក្នុងវគ្គផ្ដាច់ព្រ័ត។
យ៉ាងណាមិញ ការប្រកួតនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត នឹងត្រូវធ្វើឡើងពីរដង ដោយការប្រកួតជើងទីមួយនឹងប្រព្រឹត្តិទៅនៅថ្ងៃទី 9 ខែឧសភា និងជើងទីពីរនៅថ្ងៃទី 16 ខែឧសភា។ ដូចគ្នានេះដែរ ការប្រកួតវគ្គផ្ដាច់ព្រ័តរបស់ UEFA Champions League ក៏បានកំណត់រួចហើយដែរ ដោយធ្វើឡើងទៅថ្ងៃទី 10 ខែមិថុនា ឆ្នាំ 2023។
ប្រភព: Sportsmole