Connect with us

បាល់ទាត់អន្តរជាតិ

ប្រធាន La Liga បង្ហាញ​ចេតនា​ចង់​ឲ្យ Barcelona នាំ​យក Lionel Messi ត្រឡប់​មក​វិញ

Published

on

ប្រធាន La Liga លោក Javier Tebas បាន​លើក​ឡើង​​ថា លោក​​ពេញចិត្ត​ចំពោះ Barcelona ដែល​​ចង់​ចុះ​ហត្ថលេខា​នាំ​យក​តារា​ឆ្នើម​របស់​ខ្លួន Lionel Messi ត្រឡប់​មក​ក្លឹប​ចាស់​វិញ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ។ យ៉ាង​ណា​មិញ កីឡាករ​​អាហ្សង់ទីន​រូប​នេះ បាន​ឃ្លាត​ឆ្ងាយ​ពី​ជីវិត​បាល់ទាត់​ក្នុង​ទឹកដី​អេស្ប៉ាញ​តាំង​ពី 2021 មក​ម្ល៉េះ ដោយ​បាន​ចាកចេញ​ទៅ​ទឹកដី​បារាំង ក្រោយ​ពេល​ក្លឹប​របស់​ខ្លួន Barcelona ជួប​បញ្ហា​ហិរញ្ញ​វត្ថុ។

ចាប់​តាំង​ពី​ឆ្នាំ 2021 មក Messi បាន​ចំណាយ​ពេល​នៅ Paris Saint-Germain ជាមួយ​នឹង​ការ​បង្ហាញ​ខ្លួន​សរុប 69 ប្រកួត និង​ស៊ុត​បញ្ចូលទី​បាន 31 គ្រាប់។ កីឡាករ​វ័យ 35 ឆ្នាំ រូប​នេះ​បាន​ឈ្នះ​ពាន​រង្វាន់ Ligue 1 នៅ​រដូវកាល​ដំបូង​នៅ Parc des Princes និង​ត្រៀម​ឈ្នះ​វា​ជា​លើកទី 2 នៅ​រដូវកាល​នេះ​ម្ដង​ទៀត​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Messi នឹង​ផុត​កុងត្រាជាមួយ PSG នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ ហើយ​គាត់​ទំនង​ជា​នឹង​ចាកចេញ​ពី​ទឹកដី​បារាំង ដើម្បី​វិលត្រឡប់​ទៅ​ជួប​ជុំ​ជាមួយ​ក្លឹប​ចាស់​របស់​ខ្លួន​វិញ​ផង​ដែរ។ ទន្ទឹម​នឹង​នេះ​ដែរ Barcelona នឹង​មាន​ឧបសគ្គ​ផង​ដែរ ប្រសិន​បើ​ពួក​គេ​ចុះ​ហត្ថលេខា​នាំ​យក Messi ត្រឡប់​មក​វិញ​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ ដោយ​សារ​មាន​សម្ពាធ​លើ​ផ្នែក​ហិរញ្ញ​វត្ថុ។

កាល​ពី​ខែ​មុន​ប្រធាន La Liga លោក Javier Tebas បាន​ព្រមាន​ថា ក្លឹប​យក្ស​កាតាឡាន់​ត្រូវ​តែ​ធ្វើ​ការ​លក់ និង​កាត់​បន្ថយ​ប្រាក់ខែ​កីឡាករ​ឲ្យ​បាន​ចំនួន 177 លានផោន មុន​ពេល​ពួក​គេចុះ​ហត្ថលេខា​លើ​កីឡាករ​ចំណូល​ថ្មី​ណា​ម្នាក់​បាន។ ផ្ទុយ​មក​វិញ នៅ​ពេល​ថ្មីៗ​នេះ​ក្រោយ​លឺ​ថា Barcelona ចង់​នាំ​យក Messi ត្រឡប់​មក​វិញ Javier Tebas បាន​បង្ហើប​ថា ពួក​គេ​អាច​ធ្វើ​វា​បាន ហើយ​លោក​ផ្ទាល់​ក៏​ចង់​ឃើញ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ​មក La Liga វិញ​ដែរ។

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន Javier Tebas បាន​និយាយ​ថា៖ “បច្ចុប្បន្ន Barcelona មិន​អាច​ចុះ​ហត្ថលេខា​លើ​កីឡាករ​ចំណូល​ថ្មី​បាន​ទេ ប៉ុន្តែ​​អាច​បាន​នៅ​ពេល​ក្រោយ។ យើង​កំពុង​រង់ចាំ​មើល​ផែនការ​របស់​គេ។ ពួក​គេ​អាច​លក់​កីឡាករ​បាន តែ​ពួកគេ​នៅ​តែ​មាន​កីឡាករ​មួយ​ចំនួន​ដែល​ត្រូវ​ចុះ​ឈ្មោះ​ផង​ដែរ។ សង្ឃឹម​ថា La Liga និង Barcelona អាច​ឃើញ​វត្តមាន​របស់ Messi នា​ពេល​ខាង​មុខ ប៉ុន្តែ​យើង​នឹង​មិន​ផ្លាស់​ប្តូរ​ច្បាប់​សម្រាប់​ឲ្យ Messi ត្រឡប់​មក​វិញ​នោះ​ទេ។ ខ្ញុំ​​ចង់​​ឲ្យ Messi លេង​នៅ​ទីនេះ”។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២