បាល់ទាត់អន្តរជាតិ
Arsenal ចាប់អារម្មណ៍លើខ្សែការពារមួយរូបរបស់ក្លឹប Real Sociedad ដែលជាអតីតមិត្តចាស់របស់ Odegaard

ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារ Robin Le Normand ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅលីគកំពូលនៃប្រទេសអេស្ប៉ាញ ជាមួយក្លឹប Real Sociedad។ ថ្វីត្បិតតែពេលនេះ Arsenal កំពុងកាន់កាប់តំណែងឈរនៅចំណាត់ថ្នាក់លេខមួយក្នុងតារាង Premier League ប៉ុន្តែត្រូវបានគេមើលឃើញថា ពួកគេនឹងព្យាយាមស្វែងរកកីឡាករចំណូលថ្មីបន្ថែមទៀត ដើម្បីត្រៀមសម្រាប់ការប្រកួតរដូវកាលក្រោយ។
រដូវកាលនេះលោក Mikel Arteta ដែលជាគ្រូបង្វឹករបស់ Arsenal មានកីឡាករដូចជា William Saliba, Gabriel Magalhaes, Rob Holding និង Jakub Kiwior ជាជម្រើសខ្សែការពារកណ្តាលរបស់ខ្លួន។ ទន្ទឹមនឹងនេះដែរ Arsenal នឹងត្រឡប់ទៅក្នុងការប្រកួតប្រជែង UEFA Champions League វិញនៅរដូវកាលក្រោយ ហើយពួកគេនៅតែត្រូវការពង្រឹងបន្ថែមទៀតនៅប្រព័ន្ធខ្សែការពាររបស់ខ្លួន។
យោងតាមរបាយការណ៍ពី Mundo Deportivo បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើ Le Normand ដែលជាបេក្ខភាពខ្សែការពារចំណូលថ្មី សម្រាប់ការផ្ទេរមក Emirates នៅចុងបញ្ចប់នៃរដូវកាលនេះ។ របាយការណ៍ដដែលនេះដែរបានអះអាងថា Le Normand ធ្លាប់មានទំនាក់ទំនងយ៉ាងល្អជាមួយខ្សែបម្រើ Martin Odegaard របស់ Arsenal នៅពេលដែលពួកគេទាំងពីរបានលេងជាមួយគ្នានៅ Real Sociedad កាលពីឆ្នាំ 2019-2020។
ប្រភព: Sportsmole