បាល់ទាត់អន្តរជាតិ
Aston Villa ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Smith Rowe

ក្លឹប Aston Villa ត្រូវបានគេរាយការណ៍ថា អាចនឹងព្យាយាមជាថ្មីម្តងទៀត ក្នុងការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាប Emile Smith Rowe របស់ Arsenal នៅក្នុងអំឡុងទីផ្សារដោះដូរកីឡាករនារដូវក្ដៅខាងមុខ។ យ៉ាងណាមិញ កីឡាករវ័យ 22 ឆ្នាំរូបនេះ ធ្លាប់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពី Aston Villa កាលពីឆ្នាំ 2021 ហើយ Arsenal ត្រូវបានគេដឹងថា បានបដិសេធការដេញថ្លៃ 30 លានផោន សម្រាប់កីឡាករសញ្ជាតិអង់គ្លេសរូបនេះ។
បន្ទាប់ពីការបរាជ័យរបស់ Aston Villa បានធ្វើឲ្យ Smith Rowe បន្តអាជីពរបស់ខ្លួននៅ Emirates ដ៏ជោគជ័យដោយមានទម្រង់លេងយ៉ាងលេចធ្លោរ ជាមួយនឹងការស៊ុតបញ្ចូលទី 10 គ្រាប់ ក្នុងក្របខ័ណ្ឌ Premier League សម្រាប់រដូវកាលឆ្នាំ 2021-2022 ដោយពេលនោះមានតែ Bukayo Saka ប៉ុណ្ណោះដែលស៊ុតបញ្ចូលទីច្រើនជាងគាត់ (11 គ្រាប់) សម្រាប់ក្លឹបកាំភ្លើងធំ។
ទោះជាយ៉ាងណាក៏ដោយ របួសក្រលៀនដ៏ធ្ងន់ធ្ងរ បានរារាំង Smith Rowe សម្រាប់ការបង្ហាញសមត្ថភាពនៅរដូវកាលនេះ ហើយត្រូវបានគ្រូបង្វឹកប្រើប្រាស់ Gabriel Martinelli នៅតំបន់ប្រយុទ្ធស្លាបឆ្វេងជំនួសវិញ។ កាលពីពីរឆ្នាំមុន Arsenal បានចុះកុងត្រាថ្មីជាមួយ Smith Rowe ដែលមានសុពលភាពរហូតដល់ឆ្នាំ 2026 ប៉ុន្តែអនាគតកីឡាកររូបនេះជាមួយក្រុមរបស់លោក Mikel Arteta ហាក់ដូចជាមិនមានភាពច្បាស់លាស់ឡើយ ខណៈដែលបច្ចុប្បន្ន Arsenal អាចលេងបានយ៉ាងល្អដោយមិនពឹងផ្អែកលើ Smith Rowe ឡើយ។
យោងតាមគេហទំព័រ talkSPORT បានឲ្យដឹងថា Aston Villa បានត្រៀមខ្លួនរួចជាស្រេច ក្នុងផ្ទេរ Smith Rowe នៅចុងបញ្ចប់នៃរដូវកាលនេះ ដោយគ្រូបង្វឹករបស់ពួកគេលោក Unai Emery ជាអ្នកចង្អុលបង្ហាញអំពីរឿងនេះ។ Unai Emery ធ្លាប់ជាគ្រូបង្វឹករបស់ Arsenal ពេលដែល Smith Rowe បានបង្ហាញខ្លួនជាលើកដំបូងក្នុងរដូវកាល 2018-2019។
ប្រភព: Sportsmole