បាល់ទាត់អន្តរជាតិ
ក្លឹបធំៗ 3 នៅអ៊ីតាលី កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Harry Maguire

ក្លឹបសេះបង្កង់ Juventus, AC Milan និង Inter Milan ត្រូវបានគេរាយការណ៍ថា កំពុងចង់ធ្វើការចុះហត្ថលេខាលើប្រធានក្រុមរបស់ក្លឹបបិសាចក្រហម Manchester United គឺកីឡាករ Harry Maguire នៅក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញនារដូវក្តៅខាងមុខ។
យ៉ាងណាមិញ កីឡាករវ័យ 30 ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងត្រូវបានអ្នកគាំទ្ររិះគន់ជាខ្លាំងជាមួយនឹងទម្រង់លេងធ្លាក់ចុះខ្លាំង និងហាក់ដូចជាមិនមែនជាផ្នែកមួយដ៏សំខាន់របស់ក្រុមបន្តទៀតឡើយ។ ខ្សែការពារកណ្ដាល Harry Maguire បានបង្ហាញខ្លួន 28 ប្រកួត សម្រាប់យុទ្ធនាការរដូវកាល 2022-2023 នេះ។ ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះគ្រាន់តែជាជម្រើសបន្ទាប់ពី Lisandro Martinez និង Raphael Varane ប៉ុន្តែបច្ចុប្បន្នគេទាំង 2 បានរងរបួស ហើយគ្រូបង្វឹកត្រូវបង្ខំចិត្តប្រើប្រាស់ Harry Maguire។
យោងតាមរបាយការណ៍ពី 90min បានឲ្យដឹងថា ក្លឹបធំៗមួយចំនួនរបស់អ៊ីតាលី កំពុងត្រៀមចរចាចុះហត្ថលេខាផ្ទេរ Harry Maguire នៅចុងបញ្ចប់នៃរដូវកាលនេះ។ របាយការណ៍ដដែលនេះដែរបានអះអាងថា Juventus, AC Milan និង Inter Milan សុទ្ធតែជាក្លឹបដែលបានចាប់អារម្មណ៍លើខ្សែការពារវ័យ 30 ឆ្នាំរូបនេះ ដោយពួកគេចង់ដាក់សំណើរក្នុងលក្ខខណ្ឌខ្ចីជើងគេនៅមុនរដូវកាលឆ្នាំ 2023-2024។
ប្រភព: Sportsmole