បាល់ទាត់អន្តរជាតិ
Real Madrid កំពុងមានឱកាសក្នុងការចុះហត្ថលេខាលើ Neymar Jr?

ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា កំពុងទទួលបានឱកាសក្នុងការចុះហត្ថលេខាលើតារាឆ្នើមរបស់ក្លឹបយក្សបារាំង Paris Saint-Germain (PSG) គឺកីឡាករ Neymar Jr. នៅរដូវក្តៅខាងមុខ។ យោងតាមរបាយការណ៍ពី El Nacional បានឲ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ មិនសប្បាយចិត្តនឹងក្លឹបបច្ចុប្បន្នរបស់ខ្លួន PSG ឡើយ។
Neymar Jr. បានស្នើសុំឪពុករបស់គាត់ឲ្យរៀបចំការផែនការចាកចេញពីទឹកដីបារាំង។ ទន្ទឹមនឹងនេះដែរ Real Madrid ត្រូវបានគេដឹងថា មានឱកាសអាចនាំយកតារាឆ្នើមរូបនេះទៅកាន់ប្រទេសអេស្ប៉ាញបាន។ ទោះជាយ៉ាងណាក៏ដោយ ពួកគេមិនចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យ 31 ឆ្នាំរូបនេះនោះទេ។
បច្ចុប្បន្ន Real Madrid មានខ្សែប្រយុទ្ធស្លាបគ្រប់គ្រាន់រួចទៅហើយ ដោយលោក Carlo Ancelotti បានពឹងផ្អែកលើ Rodrygo Goes និង Vinicius Junior។ ពួកគេគឺជាផ្នែកដ៏សំខាន់ និងស្ថិតក្នុងជម្រើសដំបូងរបស់ក្រុម។ បច្ចុប្បន្នក្លឹបយក្សអេស្ប៉ាញមួយនេះ មិនមានតម្រូវការពិតប្រាកដឡើយ ជាពិសេសពួកគេមិនចង់នាំយកកីឡាករចំណូលថ្មីដែលអាចប៉ះពាល់ដល់កីឡាករដែលមានស្រាប់របស់ខ្លួននោះទេ។
ប្រភព: Sportskeeda