បាល់ទាត់អន្តរជាតិ
Newcastle លុតមាន់ខ្នាយមាស Tottenham Hotspur 6-1 ក្លាយជាកំណត់ត្រាដ៏អស្ចារ្យមួយ

ក្លឹបសារិកាព្រៃ Newcastle United ដែលជាក្រុមម្ចាស់ផ្ទះ បានប្រកួតយកឈ្នះក្លឹបមាន់ខ្នាយមាស Tottenham Hotspur ក្នុងលទ្ធផលដ៏ត្រចះត្រចង់បំផុតគឺ 6 ទល់នឹង 1 ដែលជាការប្រកួតក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស Premier League នៅកីឡដ្ឋាន St James’ Park កាលពីម្សិលមិញនេះ។
ក្រុមដែលកំពុងឡើងជើងខ្លាំង Newcastle United បានស៊ុតបញ្ចូលទីនាំមុខមុន 5-0 បន្ទាប់ពីបើកឆាកប្រកួតត្រឹមតែ 21 នាទីប៉ុណ្ណោះ។ ដូចគ្នានេះដែរ គ្រាប់បាល់ 3 គ្រាប់ដំបូងបានកើតឡើងក្នុងរយៈពេល 10 នាទី ដោយកីឡាករ Jacob Murphy ស៊ុត 2 គ្រាប់ម្នាក់ឯង និង Joelinton ស៊ុតបាន 1 គ្រាប់។
ការរកគ្រាប់បាល់ស៊ុតបញ្ចូលទីដ៏លឿនរបស់ Newcastle United នេះដែរ បានធ្វើឲ្យពួកគេក្លាយជាក្រុមដំបូងបំផុតទីពីរ ដែលអាចរកគ្រាប់បាល់បាននាំមុខគូប្រកួតមុនបាន 5 គ្រាប់ក្នុងរយៈពេល 21 នាទី ដោយក្នុងប្រវត្តិសាស្ត្រ Premier League មានតែ Manchester City ប៉ុណ្ណោះដែលធ្លាប់ស៊ុតបាន 5 គ្រាប់ ក្នុងការប្រកួតបើកឆាក 18 នាទីដំបូង ទល់នឹង Watford កាលពីឆ្នាំ 2019។
ប្រភព: ESPN