បាល់ទាត់អន្តរជាតិ
Aubameyang ប្រាប់អតីតមិត្តរួមក្រុមនៅ Barcelona ថា ខ្លួនចង់ត្រឡប់ទៅអេស្ប៉ាញវិញ

ខ្សែប្រយុទ្ធឆ្នើម Pierre-Emerick Aubameyang របស់ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា មានបំណងចង់ត្រឡប់ទៅក្លឹបចាស់របស់ខ្លួន Barcelona វិញនៅចុងបញ្ចប់នៃរដូវកាលនេះ។ យ៉ាងណាមិញខ្សែប្រយុទ្ធសញ្ជាតិហ្គាបុងរូបនេះ បានចាកចេញពីក្លឹបយក្សកាតាឡាន់ដើម្បីផ្ទេរទៅ Chelsea កាលពីចុងឆ្នាំ 2022។
នៅពេលនោះ Barcelona មិនចង់លក់ Aubameyang ចេញប៉ុន្មានទេ ប៉ុន្តែដោយសារត្រូវកាត់បន្ថយការចំណាយលើប្រាក់ខែកីឡាករ និងការបញ្ចុះបញ្ចូលពីលោក Thomas Tuchel ទើបធ្វើឲ្យគាត់សម្រេចចិត្តផ្ទេរទៅទឹកដីអង់គ្លេស។ ទោះជាយ៉ាងណាក៏ដោយ តិចជាងមួយសប្តាហ៍ បន្ទាប់ពីគាត់ទៅដល់ Chelsea លោក Thomas Tuchel ត្រូវបានក្លឹបបណ្តេញចេញពីតំណែង និងជំនួសដោយលោក Graham Potter។
ដំបូងឡើយ Aubameyang ទទួលបានឱកាសបង្ហាញសមត្ថភាពយ៉ាងទៀតទាត់នៅលើទីលានប្រកួត ប៉ុន្តែខ្សែប្រយុទ្ធរូបនេះបានស៊ុតបញ្ចូលទីត្រឹមតែ 3 គ្រាប់ប៉ុណ្ណោះសម្រាប់ Chelsea នៅគ្រប់ការប្រកួតទាំងអស់។ ទោះជាយ៉ាងក៏ដោយ ក្រោយមកទៀតទល់នឹងពេលនេះ Aubameyang មិនមានឱកាសលេងស្ទើរតែទាំងស្រុងទៅហើយ ហើយកីឡាករវ័យ 33 ឆ្នាំរូបនេះត្រូវបានគេគិតថា នឹងចាកចេញពីតោខៀវមុនរដូវកាលថ្មី 2023-2024។
យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា Aubameyang បាននិយាយប្រាប់អតីតមិត្តរួមក្រុមរបស់គាត់រួចហើយថា ការវិលត្រឡប់មក Barcelona គឺជាជម្រើសមួយដែលគាត់ពេញចិត្តជាជម្រើសផ្សេងទៀតដែលគាត់មាននៅក្នុងដៃ។ ថ្វីត្បិតតែបែបនេះក៏ដោយ វត្តមានរបស់ Aubameyang នៅ Camp Nou វិញជារឿងដ៏ពិបាកមួយ ដោយពួកគេអាចនឹងខុសលក្ខខណ្ឌហិរញ្ញវត្ថុ ខណៈដែលខ្សែការពារ Inigo Martinez របស់ Athletic Bilbao, Ilkay Gundogan របស់ Manchester City និង Lionel Messi សុទ្ធតែត្រៀមផ្ទេរមក Barcelona នៅរដូវក្ដៅខាងមុខនេះ។
ប្រភព: Sportsmole