បាល់ទាត់អន្តរជាតិ
Barcelona ត្រៀមចុះហត្ថលេខាលើខ្សែបម្រើវ័យ 20 ឆ្នាំមួយរូប ដែលលេងនៅលីគកំពូលនៃប្រទេសអ៊ុយរូហ្គាយ

ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹប Liverpool Futbol ដែលស្ថិតនៅលីគកំពូលនៃប្រទេសអ៊ុយរូហ្គាយហើយ សម្រាប់ការចុះហត្ថលេខាលើខ្សែបម្រើ Fabricio Diaz។ ក្លឹបយក្សកាតាឡាន់ត្រូវបានគេដឹងថា បានតាមប្រមាញ់កីឡាករវ័យ 20 ឆ្នាំរូបនេះ ចាប់តាំងពីគាត់បានបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុមឈុតធំ ក្នុងខែកុម្ភៈ ឆ្នាំ 2020 មកម្ល៉េះ។
ខ្សែបម្រើ Fabricio Diaz ដែលបច្ចុប្បន្នកំពុងមានភាពលេចធ្លោរខ្លាំងនៅ Primera Division បានបង្ហាញខ្លួនសរុបចំនួន 116 ប្រកួត នៅគ្រប់ការព្រឹត្តិការណ៍នៃការប្រកួតប្រជែងទាំងអស់របស់ក្លឹប Liverpool Futbol និងបានស៊ុតបញ្ចូលទីសរុប 5 គ្រាប់ ហើយបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 7 ដង។
កីឡាករដ៏មានទេពកោសល្យរូបនេះ គឺជាកាពីតែនក្រុមអាយុក្រោម 20 ឆ្នាំ (U-20) របស់អ៊ុយរូហ្គាយ នៅក្នុងការប្រកួតជើងឯកទ្វីបអាមេរិកខាងត្បូងកាលពីដើមឆ្នាំនេះ ដោយបានបង្ហាញខ្លួនចំនួន 8 ប្រកួត ខណៈដែលជួយក្រុមជម្រើសជាតិឲ្យបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2 ដោយចាញ់ប្រេស៊ីលជាក្រុមជើងឯក។
Fabricio Diaz ត្រូវបានគេដឹងថា ធ្លាប់ទទួលបានការចំណាប់អារម្មណ៍ពីក្លឹបនៅប្រទេសប្រេស៊ីល និងអាហ្សង់ទីនគឺក្លឹប Flamengo និង River Plate។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញបានឲ្យដឹងថា Barcelona គ្រោងនឹងចុះហត្ថលេខាលើខ្សែបម្រើរូបនេះរួចហើយ ដោយពួកគេបានឈានដល់កិច្ចព្រមព្រៀងជាមួយអ្នកតំណាងរបស់គាត់ និងក្លឹបបច្ចុប្បន្ន Liverpool Futbol ផងដែរ។
ប្រភព: Sportsmole