បាល់ទាត់អន្តរជាតិ
Cristiano Ronaldo ចង់ឲ្យក្លឹបរបស់ខ្លួនចុះហត្ថលេខាផ្ទេរ Alex Telles នៅចុងបញ្ចប់នៃរដូវកាលនេះ

អតីតខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Manchester United គឺកីឡាករ Cristiano Ronaldo ត្រូវបានគេរាយការណ៍ឲ្យដឹងថា ចង់ជួបជុំគ្នាជាមួយខ្សែការពារឆ្វេង Alex Telles ដែលជាអតីតមិត្តរួមចាស់របស់ខ្លួន នៅក្លឹបថ្មី Al-Nassr។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបានគេដឹងថា ចង់ឲ្យក្លឹបរបស់ខ្លួនចុះហត្ថលេខាផ្ទេរ Alex Telles នៅចុងបញ្ចប់នៃរដូវកាលនេះ។
ដោយឡែក Alex Telles ដែលជាខ្សែការពារសញ្ជាតិប្រេស៊ីល បានផ្ទេរមក Old Trafford ក្នុងឆ្នាំ 2020 ប៉ុន្តែទម្រង់លេងរបស់គាត់មិនអាចប្រជែងនឹងមិត្តរួមក្រុមផ្សេងទៀតរបស់ក្លឹប ហើយត្រូវបានបិសាចក្រហមដាក់ឲ្យខ្ចីជើងទៅទឹកដីអេស្ប៉ាញជាមួយ Sevilla ពេញមួយរដូវកាលឆ្នាំ 2022-2023។
យ៉ាងណាក៏ដោយ Alex Telles នៅតែជាកីឡាករធម្មតា និងមានទម្រង់លេងមិនសមតាមការរំពឹងទុករបស់ Sevilla ឡើយ ហើយរដូវកាលនេះគាត់បានបង្ហាញខ្លួនចំនួន 32 ប្រកួត ដោយរួមចំណែក Assists បាន 3 ដង។ ទន្ទឹមនឹងនេះដែរ Sevilla ត្រូវបានគេដឹងថា នឹងមិនសម្រេចចិត្តទិញផ្ដាច់កុងត្រារបស់ Alex Telles ឡើយ ហើយបញ្ជូនគាត់ឲ្យត្រឡប់មក Manchester United វិញ ខណៈដែល Marcos Acuna នៅតែជាជម្រើសខ្សែការពារស្លាបដ៏សំខាន់របស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយជាមួយនឹងជម្រើសបច្ចុប្បន្នដែលមាន Luke Shaw និង Tyrell Malacia ក្លឹបបិសាចក្រហមមិនត្រូវការ Alex Telles ឡើយ ហើយពួកគេកំពុងព្យាយាមលក់ខ្សែការពាររូបនេះចេញ នៅមុនរដូវកាលក្រោយចាប់ផ្ដើម និងដើម្បីកុំឲ្យខ្សែការពាររូបនេះចាកចេញនៅពេលកុងត្រាផុតកំណត់នៅឆ្នាំ 2024។
យោងតាមរបាយការណ៍ពី AS បានអះអាងថា ក្លឹប Al-Nassr កំពុងពិចារណាចង់ចុះហត្ថលេខាលើ Alex Telles នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយ Cristiano Ronaldo ក៏ជាមនុស្សម្នាក់ដែលគាំទ្រគំនិតនេះ និងចង់ឲ្យអតីតមិត្តរួមក្រុមរបស់គាត់ មកលេងនៅប្រទេសអារ៉ាប៊ីសាអូឌីតជាមួយគ្នា។
ប្រភព: Sportsmole