បាល់ទាត់អន្តរជាតិ
គ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal កំពុងចាប់អារម្មណ៍លើខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Malcom Filipe

ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា កំពុងកំណត់គោលដៅលើខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Zenit St Petersburg គឺកីឡាករ Malcom។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ គឺជាអតីតកីឡាកររបស់ក្លឹបអ្នកមានបុណ្យ Barcelona ដែលធ្លាប់ប្រកបអាជីពនៅក្នុងទឹកដីអេស្ប៉ាញរយៈពេលមួយរដូវកាលចន្លោះឆ្នាំ 2018 ដល់ 2019។
ក្លឹបកាំភ្លើងធំ Arsenal រដូវកាលនេះ រកបានគ្រាប់បាល់ស៊ុតបញ្ចូលទីបានចំនួន 78 គ្រាប់ ក្នុង 33 ប្រកួត នៅក្របខ័ណ្ឌ Premier League ដែលនេះបង្ហាញឲ្យឃើញថា ក្រុមរបស់លោក Mikel Arteta មានទម្រង់លេងល្អប្រសើរគួរសមនៅតំបន់ប្រយុទ្ធរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ពួកគេនៅតែចាញ់ក្រុមកំពូលតារាង Manchester City ដែលកំពុងគម្រាមកំហែងដល់ការប្រជែងពានលីគរដូវកាលនេះ និងអាចបន្តគម្រាមកំហែលដល់រដូវកាលក្រោយទៀត។
យ៉ាងណាមិញ គេបានមើលឃើញថា Arsenal នៅតែត្រូវព្យាយាមរុះរើសកែលម្អនៅតំបន់ប្រយុទ្ធរបស់ខ្លួន ជាមួយនឹងការនាំយកខ្សែប្រយុទ្ធចំណូលថ្មីនៅចុងបញ្ចប់នៃរដូវកាលនេះ ដើម្បីមានឱកាសឆក់យកពានលីគ ក៏ដូចជាការប្រជែងបាន UEFA Champions League នៅរដូវកាលក្រោយ។
នៅរដូវក្ដៅនេះ ខ្សែប្រយុទ្ធស្លាបម្នាក់របស់ពួកគេគឺកីឡាករ Reiss Nelson នឹងចាកចេញទៅក្លឹបផ្សេង ដោយសារផុតកុងត្រា។ ទន្ទឹមនឹងនេះដែរ Arsenal នឹងអាចមានឱកាសនាំយកខ្សែប្រយុទ្ធចំណូលថ្មីម្នាក់ទៀតនៅចុងរដូវកាលនេះ។ យោងតាមរបាយការណ៍ពីលោក Pedro Almeida បានអះអាងថា លោក Arteta ជាគ្រូបង្វឹករបស់ក្លឹបមានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Malcom ដោយកីឡាករវ័យ 26 ឆ្នាំរូបនេះកំពុងមានទម្រង់លេងយ៉ាងលេចធ្លោរនៅក្លឹប FC Zenit ជាមួយនឹងការស៊ុតបញ្ចូលទី 41 គ្រាប់ និង 24 Assists ក្នុងការបង្ហាញខ្លួនត្រឹមតែ 106 ប្រកួតប៉ុណ្ណោះ។
ប្រភព: Sportsmole