បាល់ទាត់អន្តរជាតិ
Pep Guardiola និយាយថា៖ Haaland និង Alvarez គឺជាអាវុធដ៏អស្ចារ្យ

លោក Pep Guardiola បានសម្តែងការពេញចិត្តជាពិសេសទៅកាន់ Erling Haaland និង Julian Alvarez ដែលជាកូនក្រុមរបស់ខ្លួន ដោយលើកឡើងថា ខ្សែប្រយុទ្ធទាំង 2 រូបនេះគឺជា “អាវុធដ៏អស្ចារ្យបំផុត” បន្ទាប់ពីអ្នកទាំងពីរ ជួយក្រុមឲ្យទទួលបានជ័យជម្នះ 2-1 នៅក្នុងដីក្រុមភ្ញៀវ Fulham និងធ្វើឲ្យ Man City ឆក់បានតំណែងកំពូលតារាងនៅ Premier League។
ខ្សែប្រយុទ្ធ Erling Haaland បានស៊ុតបាល់ប៉េណាល់ទីនៅនាទីទី 2 ដែលធ្វើឲ្យគាត់រកបានគ្រាប់បាល់ទី 50 របស់ខ្លួននៅគ្រប់ការប្រកួតទាំងអស់នៃរដូវកាលនេះ។ ត្រឹមតែរដូវកាលដំបូងប៉ុណ្ណោះនៅក្នុងទឹកដីអង់គ្លេស Haaland បានតាមទាន់កំណត់ត្រារបស់ Tom Waring ដែលរកបានគ្រាប់បាល់ 50 គ្រាប់ដូចគ្នាពេលលេងនៅ Aston Villa ក្នុងឆ្នាំ 1931។
ដូចគ្នានេះដែរ តារាឆ្នើមសញ្ជាតិអាហ្សង់ទីន Julian Alvarez ដែលទើបនឹងបានឈ្នះពាន World Cup ជាមួយក្រុមជម្រើសជាតិកាលពីឆ្នាំមុន បានរួមចំណែកដ៏សំខាន់នៅក្នុងការប្រកួតជាមួយ Fulham នេះ។ Alvarez គឺជាអ្នកបង្កើតឲ្យមានឱកាសពិន័យបាល់ប៉េណាល់ទី និងស៊ុតបញ្ចូលទីគ្រាប់ចុងក្រោយដែលជាគ្រាប់ជ័យជម្នះនៅនាទីទី 36។ ខ្សែប្រយុទ្ធវ័យ 23 ឆ្នាំរូបនេះត្រូវបានគេមើលឃើញថា គឺជាអនាគតកីឡាករឆ្នើមដែលលេចធ្លោរបំផុត ហើយគាត់រកបានគ្រាប់បាល់ស៊ុតបញ្ចូលទីរហូតដល់ 15 គ្រាប់ ក្នុងរដូវកាលដំបូងរបស់ខ្លួនជាមួយ Manchester City ខណៈដែលគាត់បានក្លាយជាជម្រើសដំបូងក្នុងការប្រកួតត្រឹមតែ 18 ដងប៉ុណ្ណោះ។
លោក Pep Guardiola ដែលជាគ្រូបង្វឹកបានសម្ដែងការពេញចិត្តជាខ្លាំងចំពោះខ្សែប្រយុទ្ធឆ្នើមទាំងពីររូបនេះ និងបាននិយាយថា៖ “សូមអបអរសាទរចំពោះ Haaland។ គ្រាប់បាល់ដ៏ល្អបំផុត ដើម្បីជួយក្រុមឲ្យសម្រេចបាននូវអ្វីដែលយើងចង់បាន។ ជាមួយ Julian Alvarez រាល់ពេលដែលគាត់លេង គាត់បានផ្តល់ឲ្យយើងនូវអ្វីៗគ្រប់យ៉ាង។ គាត់បានធ្វើឲ្យមានបាល់ពិន័យ 11 ម៉ែត្រ ហើយបន្ទាប់មក គាត់រកបានគ្រាប់បាល់ដ៏អស្ចារ្យ។ មានខ្សែប្រយុទ្ធពីរនាក់នេះ គឺដូចជាមានអាវុធដ៏អស្ចារ្យ ស្ទើរមិនគួរឲ្យជឿ”។
ប្រភព: Mancity.com