បាល់ទាត់អន្តរជាតិ
Matic និង Abraham ភ្នាល់គ្នារឿងក្រុមដែលអាចឈ្នះពាន Premier League នៅរដូវកាលនេះ

តារាឆ្នើមរបស់ក្លឹប AS Roma គឺកីឡាករ Nemanja Matic និង Tammy Abraham បានភ្នាល់គ្នាលើការប្រជែងដណ្តើមពាន Premier League នៅរដូវកាលនេះរវាង Arsenal និង Manchester City។ ការភ្នាល់គ្នានេះត្រូវបានលាតត្រដាងដោយ Nemanja Matic ដែលជាអតីតខ្សែបម្រើរបស់ក្លឹបបិសាចក្រហម Manchester United និងតោខៀវ Chelsea។
យោងតាមការលើកឡើងរបស់ Nemanja Matic បានឲ្យដឹងថា គាត់ និង Tammy Abraham មានការភ្នាល់គ្នាមួយនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ក្លឹប Roma ដោយការភ្នាល់នោះគឺថា តើរវាង Arsenal និង Man City ក្រុមណានឹងឈ្នះពាន Premier League នៅរដូវកាលនេះ។ ខ្សែបម្រើ Nemanja Matic បាននិយាយថា គាត់បានជ្រើសរើសយក Man City ខណៈដែល Abraham ជ្រើសរើសយក Arsenal។
នៅក្នុងបទសម្ភាសន៍ជាមួយ Sky Sports ខ្សែបម្រើ Nemanja Matic បាននិយាយថា៖ “ខ្ញុំគិតថា Haaland នឹងអាចនាំ Manchester City ទៅកាន់ការឈ្នះពាន 3 លើកជាប់ៗគ្នា ដែលជាប្រវត្តិសាស្ត្ររបស់ក្លឹបនារដូវកាលនេះ។ ខ្ញុំបានភ្នាល់នៅក្នុងបន្ទប់ស្លៀកពាក់របស់យើងជាមួយ Tammy Abraham កាលពីប៉ុន្មានខែមុន។ គាត់ (Abraham) និយាយថា Arsenal នឹងឈ្នះ ហើយខ្ញុំបាននិយាយថា Man City នឹងឈ្នះ”។
ប្រភព: Dailypost NG