បាល់ទាត់អន្តរជាតិ
Haaland បំបែកកំណត់ត្រាជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេក្នុងមួយរដូវកាលរបស់ Premier League

ខ្សែប្រយុទ្ធឆ្នើម Erling Haaland រកបានគ្រាប់បាល់ទី 35 របស់ខ្លួន សម្រាប់ក្លឹបមេឃខៀវ Manchester City ក្នុងការប្រកួតរបស់ពួកគេទល់នឹងក្រុមភ្ញៀវ West Ham កាលពីរំលងអាធ្រាតយប់មិញនេះ។ គ្រាប់បាល់នេះដែរ បានធ្វើឲ្យគាត់បំបែកកំណត់ត្រាក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងមួយរដូវកាលរបស់ Premier League។
កីឡាករសញ្ជាតិន័រវេសរូបនេះ បានក្លាយជាកីឡាករដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្ររបស់លីគកំពូលនៃប្រទេសអង់គ្លេស ដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងមួយរដូវកាលច្រើនជាងគេ ខណៈដែលការប្រកួតប្រជែងនៅ Premier League មិនទាន់បិទបញ្ចប់នៅឡើយ ពោលគឺនៅសល់ 5 ប្រកួតទៀត ដែលមានន័យថា Erling Haaland អាចនឹងរកបានគ្រាប់បាល់ច្រើនជាងនេះបន្ថែមទៀត។
វីរបុរស Andy Cole ដែលជាកីឡាកររបស់ក្លឹប Newcastle United និង Alan Shearer របស់ក្លឹប Blackburn Rovers ធ្លាប់បានកាន់កាប់កំណត់ត្រាជាកីឡាករស៊ុតបញ្ចូលទីក្នុងប្រវត្តិសាស្ត្ររបស់ Premier League ច្រើនជាងគេក្នុងមួយរដូវកាល ដោយមាន 34 គ្រាប់។ យ៉ាងណា កំណត់ត្រាដ៏អស្ចារ្យនេះបច្ចុប្បន្នបានធ្លាក់ទៅលើ Erling Haaland។
ប្រភព: Mirror UK