បាល់ទាត់អន្តរជាតិ
អតីតវីរបុរសមួយរូបរបស់ក្លឹប Man City ថា លោក Pep មិនអាចឈ្នះពាន 3 ក្នុងរដូវកាលនេះទេ ជាពិសេសពាន UCL

អតីតខ្សែការពាររបស់ក្លឹបមេឃខៀវ Manchester City លោក Micah Richards បាននិយាយថា គាត់មិនរំពឹងថាក្រុមរបស់លោក Pep Guardiola នឹងអាចឈ្នះពាន 3 ក្នុងរដូវកាលនេះទេ។ លើសពីនេះទៀត Richards បានសង្កត់ធ្ងន់ថា គាត់មានការព្រួយបារម្ភសម្រាប់ Man City ដោយសារតែការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League របស់ពួកគេត្រូវជួបជាមួយនឹង Real Madrid។
យ៉ាងណាមិញបច្ចុប្បន្ន Manchester City កំពុងស្ថិតក្នុងដំណើរផ្សងព្រេងដើម្បីឈ្នះពានធំៗ 3 នៅក្នុងដៃ ដោយមាន FA Cup, Premier League និង UEFA Champions League។ ពួកគេនឹងត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត FA Cup ទល់នឹង Manchester United នៅថ្ងៃទី 3 ខែក្រោយនេះ ខណៈដែលពួកគេកំពុងឈរនៅកំពូលតារាងរបស់ Premier League ផងដែរ។ លើសពីនេះទៅទៀត Manchester City ក៏មានភារកិច្ចដ៏សំខាន់មួយផ្សេងទៀតគឺត្រូវប៉ះនឹង Real Madrid ដែលជាការប្រកួត UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត។
ទោះជាយ៉ាងណាក៏ដោយ ថ្លែងនៅលើបណ្តាញ YouTube របស់ Filthy Fellas លោក Richards បាននិយាយថា៖ “ខ្ញុំមិនគិតថាពួកគេ (Man City) នឹងអាចសម្រេចបាននូវពាន 3 ក្នុងរដូវកាលនេះទេ។ ខ្ញុំបារម្ភអំពីការប្រកួតទល់នឹង Real Madrid។ ខ្ញុំពិតជាព្រួយបារម្ភណាស់។ ខ្ញុំត្រូវតែនិយាយដោយស្មោះត្រង់អំពីរឿងនេះ។ ខ្ញុំព្រួយបារម្ភអំពីពួកគេ ដោយគេបានធ្លាក់ចេញក្រោមស្នាដៃ Real Madrid កាលពីរដូវកាលមុន”។
ប្រភព: Dailypos NG