បាល់ទាត់អន្តរជាតិ
Marcel Sabitzer បង្ហាញចេតនាមិនចង់ត្រឡប់ទៅ Bayern Munich វិញ

ខ្សែបម្រើ Marcel Sabitzer ត្រូវបានគេមើលឃើញថា កំពុងបង្ហាញចេតនាមិនចង់ត្រឡប់ទៅអាឡឺម៉ង់ ដើម្បីវិលទៅក្លឹបចាស់ Bayern Munich វិញ នៅចុងបញ្ចប់នៃរដូវកាលនេះឡើយ ពេលលក្ខខណ្ឌខ្ចីជើងផុតកំណត់។ កីឡាករវ័យ 29 ឆ្នាំរូបនេះបានលើកឡើងថា គាត់មានមោទនភាពណាស់ដែលបានលេង និងក្លាយជាកីឡាករសំខាន់ម្នាក់របស់ក្លឹបបិសាចក្រហម Manchester United។
យ៉ាងណាមិញ កីឡាករសញ្ជាតិអូទ្រីសរូបនេះ បានចូលរួមជាមួយបិសាចក្រហមក្នុងលក្ខខណ្ឌខ្ចីជើងពី Bayern Munich កាលពីខែមករា ហើយការខ្ចីជើងនោះនឹងមានសុពលភាពរហូតដល់ចប់រដូវកាល។ ខ្សែបម្រើឆ្នើមរូបនេះបានលេងក្រោមការដឹកនាំរបស់លោក Erik ten Hag ចំនួន 16 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 3 គ្រាប់ និង Assist 1 គ្រាប់។
ដោយឡែកក្លឹបបិសាចក្រហម Manchester United ត្រូវបានគេដឹងថា ចង់ចុះហត្ថលេខាទិញផ្ដាច់កុងត្រារបស់ Marcel Sabitzer នៅរដូវក្តៅខាងមុខនេះ ស្របពេលដែលគាត់ក៏រីករាយនឹងក្លឹបម្ចាស់ជើងឯករបស់អង់គ្លេស 20 សម័យកាលមួយនេះដែរ។ កន្លងមករបាយការណ៍ពី Dailymail បានអះអាងថា ក្លឹប Bayern Munich នឹងលក់ខ្សែបម្រើរូបនេះក្នុងតម្លៃ 25 លានផោន ប៉ុន្តែបិសាចក្រហមបដិសេធ ដោយចង់បានតម្លៃទាបជាងនេះ។ យ៉ាងណា ក្លឹបទាំងពីរនឹងអាចសម្រួលគ្នាលើតម្លៃផ្ទេរ ដើម្បីឲ្យខ្សែបម្រើរូបនេះស្នាក់នៅក្នុងទឹកដីអង់គ្លេសជាអចិន្ត្រៃយ៍។
ប្រភព: Sportsmole