បាល់ទាត់អន្តរជាតិ
Graeme Souness រិះគន់ថា Bruno Fernandes មិនសាកសមធ្វើជាកាពីតែនក្រុមរបស់បិសាចក្រហមទេ

វីរបុរសរបស់ក្លឹបហង្សក្រហម Liverpool លោក Graeme Souness បាននិយាយថា ខ្សែបម្រើ Bruno Fernandes មិនអាចធ្វើជាប្រធានក្រុមរបស់ Manchester United បានទេ ព្រោះគាត់ជាកីឡាករដែលមិនមានភាពជាអ្នកដឹកនាំ។ យ៉ាងណាកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ បច្ចុប្បន្នកំពុងធ្វើជាប្រធានក្រុមរបស់បិសាចក្រហម ចាប់តាំងពី Erik ten Hag ចូលកាន់តំណែងជាគ្រូបង្វឹក ហើយប្រធានក្រុមធំ Harry Maguire តែងតែអង្គុយនៅកៅអីបម្រុង។
ដោយឡែកក្លឹបបិសាចក្រហម Manchester United នឹងសម្លឹងរកបេក្ខភាពកាពីតែនក្រុមថ្មីនៅមុនរដូវកាលក្រោយចាប់ផ្ដើម ខណៈដែលខ្សែការពារ Harry Maguire ត្រូវបានគេដឹងថា នឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គេមើលឃើញថា Bruno Fernandes ហាក់ដូចជាបេក្ខជនសំខាន់ម្នាក់ដើម្បីកាន់ការជាប្រធានក្រុមផ្លូវការណ៍របស់បិសាចក្រហមបន្តពី Harry Maguire។
បើនិយាយពីទម្រង់លេង Bruno Fernandes គឺជាកីឡាករល្អបំផុតរបស់បិសាចក្រហម ក្នុងរយៈពេលពីរបីរដូវកាលមកទល់នឹងបច្ចុប្បន្ន។ រដូវកាលនេះ គាត់បានស៊ុតបញ្ចូលទី 11 គ្រាប់ និង 14 Assists ដើម្បីជួយក្លឹបឲ្យឈ្នះពាន Carabao Cup និងឡើងដល់វគ្គផ្តាច់ព្រ័ត្រ FA Cup ផងដែរ។
ទោះជាយ៉ាងណាក្ដី Graeme Souness គិតថា Bruno Fernandes មិនសាកសមក្លាយជាប្រធានក្រុមរបស់បិសាចក្រហមនោះទេ ហើយក្លឹបគួរតែជ្រើសរើសអ្នកផ្សេងវិញ។ Graeme Souness បានប្រាប់ទៅ William Hill ថា៖ “ច្បាស់ណាស់ Bruno Fernandes មិនមែនជាអ្នកដឹកនាំទេ ហើយជាធម្មតាគាត់តែងតែមិនអាចទប់ចិត្តខឹងបាន។ អាកប្បកិរិយារបស់គាត់នៅពេលដែលពួកគេត្រូវបាន Liverpool នាំមុខមុន 3-0 គឺគួរឲ្យភ័យខ្លាច […] នៅពេលដែលអ្នកក្លាយជាប្រធានក្រុម ការធ្វើជាគំរូនៅលើទីលានសំខាន់ណាស់។ ដើម្បីទទួលបានភាពជោគជ័យក្នុងក្រុម អ្នកត្រូវការកីឡាករដែលមានភាពចាស់ទុំ និងមានអាជីពបាល់ទាត់ដ៏ល្អមួយ”។
ប្រភព: Dailypost NG