បាល់ទាត់អន្តរជាតិ
Mascherano ថា អ្នកគាំទ្រ PSG នឹងស្ដាយក្រោយនូវអ្វីដែលពួកគេបានធ្វើចំពោះ Messi

អតីតខ្សែការពារឆ្នើម Javier Mascherano បានស្តីបន្ទោសក្លឹបយក្សបារាំង Paris Saint-Germain នូវទង្វើរបស់ពួកគេដែលបានធ្វើមកលើ Lionel Messi ដែលមើលទៅហាក់ដូចជាបញ្ជាក់យ៉ាងច្បាស់ អំពីការមិនអាចបន្តកុងត្រាថ្មី ហើយខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះនឹងចាកចេញនៅរដូវក្តៅនេះ។
យ៉ាងណាមិញកីឡាករឆ្នើម Lionel Messi ត្រូវបានក្លឹបបច្ចុប្បន្នរបស់ខ្លួនព្យួរការប្រកួតរយៈពេលពីរសប្តាហ៍ ដែលដូចជាការដាក់ទោសសម្រាប់ការធ្វើដំណើររបស់គាត់ទៅប្រទេសអារ៉ាប៊ីសាអូឌីតដោយគ្មានការអនុញ្ញាតពីក្លឹប។ លើសពីនេះទៀត ក្នុងអំឡុងពេលនោះអ្នកគាំទ្រ PSG បាននាំគ្នាជេរប្រមាថគាត់ ជាមួយនឹងការតវ៉ាដ៏ខឹងសម្បារជាខ្លាំងនៅខាងក្រៅទីស្នាក់ការរបស់ក្លឹប។
ថ្មីៗនេះដែរ Mascherano ដែលជាមិត្តរួមសញ្ជាតិអាហ្សង់ទីន និងធ្លាប់ជាមិត្តរួមក្រុមពេលនៅ Barcelona បាននិយាយថា PSG នឹងសោកស្តាយចំពោះទង្វើដែលពួកគេបានប្រព្រឹត្តចំពោះ Messi ដែលជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់។ Mascherano បានបង្កត់ធ្ងន់ថា៖ “វាជាការសោកស្ដាយដែលពួកគេមិនបានដឹងថា គេមានសំណាងដែលមានគាត់នៅក្នុងក្រុមរបស់ខ្លួន។ ខ្ញុំគិតថាកាលពី 10 ឆ្នាំមុន គ្មានអ្នកគាំទ្រ PSG ណាម្នាក់នឹកស្មានដល់ថា ពួកគេអាចទទួលបានកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រ នៅក្នុងក្រុមរបស់ពួកគេនោះទេ។ ហើយជំនួសឲ្យការរីករាយ ពួកគេបែរជាចំណាយពេល 2 ឆ្នាំនេះ ជាមួយនឹងការរិះគន់គាត់”។
ប្រភព: Sarcablaugranes