បាល់ទាត់អន្តរជាតិ
Harry Maguire ទទួលសារគំរាមបោកគ្រាប់បែកនៅផ្ទះរបស់គាត់

អាជ្ញាធរប៉ូលីស Cheshire បានធ្វើដំណើរទៅកាន់ផ្ទះរបស់ខ្សែការពារ Harry Maguire ដែលបច្ចុប្បន្នជាកីឡាករកររបស់ក្លឹបបិសាចក្រហម Manchester United បន្ទាប់ពីកីឡាកររូបនេះ បានទទួលការគំរាមកំហែងបោកគ្រាប់បែកនៅផ្ទះរបស់គាត់ ដែលការគំរាមនេះតាមរយៈអ៊ីមែល។
ដោយឡែកខ្សែការពារ Harry Maguire បច្ចុប្បន្នកំពុងប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រក្លឹបបិសាចក្រហម Manchester United និងអ្នកគាំទ្រក្លឹបផ្សេងៗទៀត ក៏បានរិះគន់ដូចគ្នាដែរ នៅរដូវកាលនេះ សម្រាប់ទម្រង់លេងធ្លាក់ចុះខ្លាំង សូម្បីតែលោក Ralf Rangnick និងលោក Gareth Southgate ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស ក៏និយាយពីទម្រង់លេងរបស់កីឡាករវ័យ 29 ឆ្នាំរូបនេះដែរ។
យោងតាមសារព័ត៌មាន The Sun បានបង្ហាញថា កាលពីថ្ងៃព្រហស្បតិ៍នេះ មានអ៊ីមែលមួយត្រូវបានផ្ញើចូលមកកាន់ Maguire ដោយប្រាប់ថា កំពុងមានគ្រាប់បែកនៅក្នុងផ្ទះនៃគ្រួសាររបស់គាត់។ ពេលនោះដែរ ប៉ូលីសក៏បានដាក់ពង្រាយសត្វឆ្កែ ដើម្បីស្វែងរកគ្រាប់បែក រឺអាវុធជាតិផ្ទុះដែលអាចមានដូចការអះអាងក្នុងអ៊ីមែល រឺអត់ និងដើម្បីធានាកុំឲ្យមានគ្រោះថ្នាក់អ្វីមួយកើតឡើង។
យ៉ាងណាមិញ Harry Maguire នឹងបន្តរៀបចំខ្លួនសម្រាប់ការប្រកួតចុងសប្តាហ៍នេះដូចធម្មតា ខណៈដែលប៉ូលីនៅបន្តការស៊ើបអង្កេត ដើម្បីរកប្រភពអ៊ីមែលដែលបានផ្ញើមក។
ប្រភព: 90 Min