បាល់ទាត់អន្តរជាតិ
Brighton ប្រកាសពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Joao Pedro របស់ Watford

កាលពីម្សិលមិញនេះក្លឹប Brighton បានប្រកាសថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងជាផ្លូវការណ៍ ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធចំណូលថ្មី Joao Pedro ដែលផ្ទេរពី Watford។ កីឡាករវ័យ 21 ឆ្នាំរូបនេះផ្ទេរជាមួយនឹងលក្ខខណ្ឌទិញផ្ដាច់កុងត្រា ដែលមិនត្រូវបានបង្ហាញពីតម្លៃឡើយ ប៉ុន្តែគេជឿថា ជាតម្លៃដ៏ខ្ពស់មួយនៃកំណត់ត្រារបស់ក្លឹប។
យ៉ាងណាមិញខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Joao Pedro នឹងចុះហត្ថលេខាលើកុងត្រារយៈពេល 5 ឆ្នាំ ជាមួយ Brighton ដែលមានសុពលភាពរហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2028។ កីឡាកររូបនេះគឺជាអតីតយុវជនរបស់ក្លឹបនៅប្រេស៊ីល Fluminense ដែលស្ថិតក្នុងទឹកដីកំណើតរបស់ខ្លួន ហើយនៅឆ្នាំ 2020 គាត់ក៏បានចូលរួមជាមួយ Watford ក្នុងតម្លៃប្រហែល 9 លានផោន។
ចាប់តាំងពីពេលនោះមក គាត់បានអភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករដ៏សំខាន់ម្នាក់របស់ Watford ដោយលេងបានប្រកួតសរុប 109 ប្រកួត រកបានគ្រាប់បាល់ 24 គ្រាប់ និង Asists បាន 9 ដង។ ខ្សែប្រយុទ្ធដែលកើតនៅ Sao Paulo រូបនេះ បានសម្របខ្លួនទៅនឹងការប្រកួតប្រជែងនៅក្របខ័ណ្ឌ Premier League ជាមួយ Watford ក្នុងអំឡុងរដូវកាលឆ្នាំ 2021-2022 ប៉ុន្តែរដូវកាលបន្ទាប់ក្លឹបបានធ្លាក់ទៅលេងនៅ Championship។ យ៉ាងណាពេលនេះ Joao Pedro ទទួលបានឱកាសជាថ្មីម្ដងទៀត ដើម្បីបង្ហាញសមត្ថភាពនៅក្នុងក្របខណ្ឌកំពូលរបស់អង់គ្លេសជាមួយនឹង Brighton រដូវកាលក្រោយ។
ប្រភព: Sportsmole