បាល់ទាត់អន្តរជាតិ
ប៉ះ Man City រំលងអាធ្រាតនេះ Real Madrid អវត្តមានកីឡាករសំខាន់ៗ 3 រូប

ខ្សែបម្រើ Dani Ceballos របស់ក្លឹប Real Madrid ត្រូវបានគេរាយការណ៍ថា បានដកឈ្មោះចេញពីការប្រកួត UEFA Champions League ទល់នឹង Manchester City នៅរំលងអាធ្រាតនេះ ដោយសារបញ្ហារបួស។ ក្រៅពីកីឡាកររូបនេះ ពួកគេនៅមានកីឡាករសំខាន់ៗពីររូបទៀត ក៏ត្រូវអវត្តមានដូចគ្នា។
យ៉ាងណាមិញ Real Madrid នឹងត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវ Man City សម្រាប់ការប្រកួតជើងទីមួយនៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេនៅម៉ោង 2:00 រំលងអាធ្រាតនេះ (ម៉ោងនៅកម្ពុជា)។ ថ្វីត្បិតតែរដូវកាលមុនពួកគេបានទម្លាក់ Man City ប៉ុន្តែរដូវកាលនេះ Real Madrid ត្រូវបានគេគិតថា នឹងជួបការលំបាកខ្លាំង ខណៈដែល Man City កំពុងឡើងជើងខ្លាំង និងជាក្រុមឈរនៅកំពូលតារាង Premier League ផងដែរ។
យោងតាមរបាយការណ៍ពី Marca បានឲ្យដឹងថា ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Dani Ceballos នឹងត្រូវអវត្តមាន ដោយសារបញ្ហារបួសភ្លៅនៅមុនការប្រកួតជើងទី 1 នេះ។ ពួកគេក៏គ្មាន Ferland Mendy ផងដែរ ដែលកីឡាកររូបនេះបានខកខានការប្រកួតចំនួន 11 លើកចុងក្រោយដោយសាររបួសកំភួនជើង។
ទន្ទឹមនឹងនោះ ខ្សែការពារកណ្ដាលដ៏សំខាន់គឺ Eder Militao ក៏នឹងខកខានការប្រកួតនៅរំលងអាធ្រាតនេះដែរ ដោយសារជាប់ពិន័យ បន្ទាប់ពីទទួលបានកាតលឿងទីបីរបស់គាត់ នៅក្នុងក្របខ័ណ្ឌ UEFA Champions League ក្នុងការប្រកួតជើងទីពីរវគ្គ 8 ក្រុមចុងក្រោយទល់នឹងតោខៀវ Chelsea។
ប្រភព: Sportsmole