បាល់ទាត់អន្តរជាតិ
ខ្សែបម្រើមួយរូបរបស់ PSG ចង់ចាកចេញទៅ Barcelona តាម Messi ដែរ

យោងតាមរបាយការណ៍ចុងក្រោយមួយដែលចុះផ្សាយដោយ El Nacional បានឲ្យដឹងថា ខ្សែបម្រើ Marco Verratti របស់ Paris Saint-Germain (PSG) មានបំណងចង់ចាកចេញពីក្លឹបបច្ចុប្បន្នតាម Lionel Messi ដើម្បីផ្ទេរមក Barcelona នៅរដូវក្តៅនេះដែរ។ ទោះជាយ៉ាងណាក៏ដោយគ្រូបង្វឹកលោក Xavi Hernandez ត្រូវបានគេដឹងថា មិនចង់បានខ្សែបម្រើសញ្ជាតិអ៊ីតាលីរូបនេះឡើយ។
យ៉ាងណាមិញ Verratti គឺជាខ្សែបម្រើចាស់វស្សាមួយរូប ដែលបានស្នាក់នៅទ្រនំជាមួយ PSG អស់រយៈពេលមួយទសវត្សមកហើយ។ គាត់បានចូលរួមជាមួយក្លឹបយក្សបារាំងមួយនេះ តាំងពីឆ្នាំ 2012 មកម្ល៉េះ ហើយចាប់តាំងពីពេលនោះមក គាត់បានបង្ហាញខ្លួនសរុបចំនួន 412 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 11 គ្រាប់ និង Assists បាន 61 ដង។
ទោះបីជាយ៉ាងណាក៏ដោយ កាសែតបារាំង L’Equipe បានរាយការណ៍ថា ខ្សែបម្រើឆ្នើមរូបនេះ កំពុងស្វែងរកច្រកនៃការចាកចេញពី PSG ហើយគោលដៅរបស់គាត់គឺចង់ផ្លាស់ទៅក្លឹបយក្សកាតាឡាន់។ យ៉ាងណាមិញ Xavi នឹងជំទាស់លើរឿងនេះ ដោយសម្រេចចិត្តប្រើប្រាស់កីឡាករក្នុងជម្រើសដែលមានស្រាប់ដូចជា Pedri, Gavi, និង Frenkie de Jong ដែលសុទ្ធសឹងតែជាកីឡាករនៃអនាគតរបស់ក្លឹប។ ដូច្នេះហើយ គាត់មិនចង់បន្ថែមកីឡាករវ័យ 30 ឆ្នាំរូបនេះម្នាក់ទៀតនៅក្នុងក្រុមរបស់ខ្លួនឡើយ។
ប្រភព: Sportskeeda