បាល់ទាត់អន្តរជាតិ
គ្រូ Brighton បញ្ជាក់ថា Moises Caicedo និង Mac Allister នឹងចាកចេញពីក្លឹបនៅរដូវក្ដៅនេះ

គ្រូបង្វឹករបស់ក្លឹប Brighton លោក Roberto De Zerbi បានសារភាពថា ក្រុមរបស់គាត់នឹងបាត់បង់កីឡាករសំខាន់ៗ 2 រូបគឺ Moises Caicedo និង Alexis Mac Allister ដោយសារពួកគេនឹងផ្ទេរទៅក្លឹបថ្មីនៅរដូវក្តៅនេះ។ គ្រប់គ្នាមើលឃើញថា Caicedo និង Mac Allister គឺជាកីឡាករដែលមានទម្រង់លេងលេចធ្លោរបំផុតក្នុងចំណោមកីឡាករទាំងអស់របស់ក្លឹប Brighton ក្នុងរដូវកាលនេះ ហើយជាលទ្ធផល អ្នកទាំងពីរបានទាក់ទាញការចង់បានពីក្លឹបធំៗជាច្រើន។
ខ្សែបម្រើ Moises Caicedo ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅ Arsenal, Manchester United, Chelsea និង Liverpool ខណៈដែល Mac Allister ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹង Liverpool និងតោខៀវ Chelsea។ ថ្លែងទៅកាន់ Sky Sports បន្ទាប់ពី Brighton បានយកឈ្នះ Arsenal 3-0 ក្នុងការប្រកួត Premier League កាលពីម្សិលមិញ De Zerbi បានបង្ហើបថា ក្រុមរបស់គាត់នឹងបាត់បង់កីឡាករសំខាន់ៗមួយចំនួននៅរដូវក្ដៅខាងមុខ។
លោក Roberto De Zerbi បាននិយាយថា៖ “ប្រាកដណាស់ យើងនឹងបាត់បង់កីឡាករមួយចំនួន ដែលនោះប្រហែលជា Caicedo ហើយក៏ប្រហែលជា Mac Allister ដែរ។ យ៉ាងណាយើងត្រូវតែត្រៀមខ្លួន ដើម្បីនាំយកកីឡាករចំណូលថ្មីល្អៗផ្សេងទៀត”។
ប្រភព: Dailypost NG